មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បន្តចុះត្រួតពិនិត្យ និងជំរុញការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងសុវត្ថិភាពទេសចរណ៍
ខេត្តបាត់ដំបង៖ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដោយមានការចូលរួមសហការពីអាជ្ញាធររដ្ឋបាលក្រុងបាត់ដំបងកាលពីយប់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ បានបន្តចុះធ្វើការត្រួតពិនិត្យនិងជំរុញការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍តាមអាជីវកម្មទេសចរក្នុងក្រុងបាត់ដំបង។
លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានលើកឡើងថា ក្នុងយុទ្ធនាការនាយប់នេះដែរ ក្នុងនោះក្រុមការងារក៏បានផ្សព្វផ្សាយបន្ថែម នូវសេចក្តីជូនដំណឹងលេ០០២ស្តីពីការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ទូទាំងខេត្តបាត់ដំបង ដើម្បីទប់ស្កាត់ការីករាលដាលជំងឺកូវិដ១៩ ចូលក្នុងសហគមន៍ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបងលេខ៥៥៩/២១ ស.ជ.ណ ស្តីពីការផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ ដើម្បីសុខភាពនៅក្នុងនឹងក្រៅសណ្ឋាគារក្នុងភូមិសាស្រ្តខេត្តបាត់ដំបងជាបណ្តោះអាសន្ន ចុះថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១។
ជាមួយគ្នានេះផងដែរ ក្រុមការងារក៏បានណែនាំឱ្យរាល់អាជីវកម្ម អាហារដ្ឋាន ភោជនីយដ្ឋានដែលមានតន្រី្តចាក់កំដរមេត្តាធ្វើការផ្អាកសកម្មភាពមានភ្លេងកំដរក្នុងដំណើរអាជីវកម្មរបស់ខ្លួនចាប់ពីពេលនេះតទៅ ហើយចំពោះអាជីវកម្មម៉ាស្សាតាមផ្ទះល្វែងក្រុមការងារស្នើឱ្យម្ចាស់អាជីវកម្មធ្វើការផ្អាកប្រកបអាជីវកម្មជាបណ្តោះអាសន្នផងដែរ៕