កម្លាំងសមត្ថកិច្ចជួរមុខទាំងបីស្ថាប័ន នៅខេត្តបន្ទាយមានជ័យ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជាលើកដំបូង នៅចំណុចស្ថានីយរថភ្លើង ក្នុងក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ជាលើកដំបូង កងកម្លាំងប្រដាប់អាវុធជួរមុខទាំងបីស្ថាប័ន បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដែលផ្តល់ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចជាការសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី តែងតែយកចិត្តទុកដាក់និងលើកទឹកចិត្តដល់កងកម្លាំងដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីមាតុប្រទេស និងប្រជាពលរដ្ឋ។
ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជាលើកដំបូងដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងបីស្ថាប័ន សម្រាប់ ខេត្តបន្ទាយមានជ័យបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅចំណុចស្ថានីយរថភ្លើង ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមរបាយការណ៍របស់កងកម្លាំងប្រដាប់អាវុធ ដែលអ្នកសារព័ត៌មានយើងទទួលបានបញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកងកម្លាំង បណ្តាលកងឯកភាពចំណុះយោធភូមិភាគទី៥ក្នុងភូមិសាស្ត្រទិសទី១ បន្ទាយមានជ័យ និងកងកម្លាំងនគរបាលការពារព្រំដែនជួរមុខទាំងបួនវរៈ ចំណុះឲ្យខេត្តបន្ទាយមានជ័យរួមមានៈកងពលតូចថ្មើជើងលេខ៥១ , កងរាជអាវុធហត្ថ , ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ , វរសេនាតូចនគរបាលការពារព្រំដែនគោក ៩១១ , វរសេនាតូចនគរបាលការពារព្រំដែនគោក ៨៩១ , វរសេនាតូចនគរបាលការពារព្រំដែនគោក ៩១៥ , វរសេនាតូចនគរបាលការពារព្រំដែនគោក ៨០៧ , តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ , កងការពារព្រំដែនលេខ ៥០៣ និងតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥ សរុបទាំងអស់ចំនួន១៧៦១នាក់។
ក្នុងឱកាសនោះកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័នទាំងអស់ បានថ្លែងអគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសសុខភាពមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងប្រតិបត្តិការណ៍យ៉ាងមមាញឹក នៅតាមបន្ទាត់ព្រំដែន ដើម្បីការពារនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលលួចឆ្លងដែនដោយខុសច្បាប់ ដោយមិនបានធ្វើចត្តាឡីស័កនោះ៕