មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមន្ទីរបង្អែកពេទ្យជ័យជំនះ ក្រុងតាខ្មៅ
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល បានសហការជាមួយមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំង Sinopharm បង្ការជំងឺកូវីដ១៩ ជូនដល់មន្ត្រីសុខាភិបាលជួរមុខ កងកម្លាំងនគរបាលក្រុងតាខ្មៅ និងកងកម្លាំងនៃស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល ដែលបានចូលរួមដោយស្ម័គ្រចិត្តជាង ១ពាន់នាក់។
លោក លី មករា ប្រធានមន្ទីរពេទ្យបង្អែកជ័យជំនះ បានបញ្ជាក់ថា នេះគឺជាថ្ងៃទី១ ដែលខេត្តកណ្ដាល ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅមន្ទីរពេទ្យជ័យជំនះ ក៏ដូចជានៅតាមទីតាំងជាច្រើនទៀតទូទាំងខេត្តកណ្ដាលផងដែរ។
លោកបានបន្តថា សម្រាប់មន្ទីរពេទ្យជ័យជំនះគឺមានវ៉ាក់សាំងចំនួន១០៥០ដូស ហើយការចាក់វ៉ាក់សាំងនេះគឺចាប់ផ្ដើមពីព្រឹក រហូតដល់ល្ងាចដោយបែងចែកជាពីរក្រុមធ្វើការបន្តគ្នាចាក់រហូតដល់អស់វ៉ាក់សាំង។អ្នកដែលអាចចាក់វ៉ាក់សាំងបាន គឺមនុស្សគ្រប់រូបដែលមានការស្ម័គ្រចិត្ត មានអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំ ហើយមិនមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺប្រព័ន្ធប្រសាទ ជំងឺមហារីក អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ស្ត្រីដែលមានបំណងចង់មានកូនក្នុងអំឡុង៣ខែបន្ទាប់ទៀត ស្ត្រីបំបៅដោះកូន និងមនុស្សមួយចំនួនដែលគ្រូពេទ្យពិនិត្យឃើញថា មិនអាចចាក់វ៉ាក់សាំងជូនបាន។
លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាលបានឲ្យដឹងថា សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តកណ្ដាល ដំណាក់កាលទី១នេះ ខេត្តទទួលបានវ៉ាក់សាំងចំនួន ៧២០០ដូស។
ចំពោះបញ្ហាអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលក្នុងព្រឹត្តិការណ៍ថ្ងៃទី ២០ កុម្ភៈ លោកបានបញ្ចាក់ឲ្យដឹងថា មានចំនួន១៥៧២នាក់ ហើយមន្ត្រីជំនាញបានបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កនៅតាមបណ្ដាមណ្ឌលចត្តាឡឺស័កចំនួន ៨៥៣នាក់ និងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន ៧០២នាក់ ហើយក្នុងចំណោមអ្នកដែលបានធ្វើចត្តាឡីស័កទាំងអស់នោះ អ្នកដែលបានយកសំណាក់ទៅពិនិត្យមានចំនួន១១២៤នាក់។
បើយោងតាមផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តកណ្ដាល ដំណាក់កាលទី១ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ មានចំនួនអ្នកដែលត្រូវចាក់វ៉ាក់សាំងសរុបមានចំនួន ៣៨៨៧នាក់ ស្រី ១០០០នាក់ ក្នុងនោះមានមន្ត្រីសុខាភិបាលចំនួន ១៤០៥នាក់ ស្រី ៨២៩នាក់ កម្លាំងនគរបាលចំនួន២២៩៦នាក់ ស្រី១៧១នាក់ និងមន្ត្រីរាជការជួរមុខចំនួន ១៨៦នាក់ ដែលទីតាំងសម្រាប់ផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវី១៩ នឹងរៀបចំនៅតាមបណ្ដាមន្ទីរពេទ្យបង្អែកទាំង១១ ក្រុង-ស្រុកក្នុងខេត្តកណ្តាល៕