សិស្សានុសិស្សជាង២០០នាក់ នៅចំណុចភូមិសាស្ត្រអ៊ុងម៉ុង ស្រុងម៉ាឡៃ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈសិក្សាពីសប្បុរសជនមកពីបណ្តាលខេត្តនានា
ខេត្តបន្ទាយមានជ័យ៖ដោយមើលឃើញពីការលំបាក និងខ្វះខាតរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង២០០នាក់ ដែលកំពុងសិក្សានៅចំណុចភូមិសាស្ត្រអ៊ុងម៉ុង ស្ថិតនៅក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនោះ សប្បុរសជនមកពីបណ្តាខេត្តនានា បានចូលរួមចំណែកជាមួយលោក ហុង សុផានី ជាអគ្គនាយកក្រុមហ៊ុនខាងវិស័យអចលនទ្រព្យ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ដូចជា៖ អង្ករ , មី , ទឹកត្រី , ទឹកស៊ីអ៊ីវ , ប៊ីចេង , សៀង , ប្រេងឆា , ទឹកអ៊ីជីតាន់ , ទឹកបរិសុទ្ធវីតាល់ ,សៀវភៅ , ប៊ិច , ខ្មៅដៃ , ជ័រលុប និងថវិការមួយចំនួនផងដែរ។
លោក ហុង សុផានី ជាអគ្គនាយកក្រុមហ៊ុនខាងវិស័យអចលនទ្រព្យ បានឲ្យដឹងថា នេះជាលើកទីមួយដែលរូបលោកផ្ទាល់ រួមនឹងក្រុមការងារផ្នែកអចលនទ្រព្យ ព្រមទាំងសប្បុរសជននានាមកពីបណ្តាខេត្តផ្សេងៗ បាននាំយកអំណោយ មកចែកជូនដល់សិស្សានុសិស្សនៅតំបន់ភូមិសាស្ត្រអ៊ុងម៉ុងនេះ បន្ទាប់ពីទទួលបានព័ត៌មានថា នៅចំណុចខាងលើប្រជាពលរដ្ឋ និងសិស្សានុសិស្សមានការខ្វះខាត នៅពេលចុះមកដល់ជាលើកដំបូងមើលឃើញជាក់ស្តែង លោកក៏បានជួយឧបត្ថមបន្ថែមជាអង្ករប្រចាំខែរយះពេលមួយឆ្នាំផងដែរ។លោកបញ្ជាក់បន្ថែមថា ការចុះជួយប្រជាពលរដ្ឋផ្នែកមនុស្សធម៌នេះ មិនមែនជាលើទី១នោះទេ ពោលគឺចុះយ៉ាងសកម្ម នៅតាមបណ្តាលខេត្តផ្សេងៗផងដែរ ដើម្បីជាការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជាមួយកំរិតផងដែរ។
បើតាមលោក គង់ ជា តំណាងឲ្យប្រជាពលរដ្ឋ ចំនួន១៣៥០គ្រួសារ រស់នៅចំណុចខាងលើ និងជាប្រធានក្រុមការងារស្ម័គ្រចិត្ត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅចំណុចខាងលើនេះ ថ្នាក់ដឹកនាំមិនទាន់ទទួលស្គាល់ និងបង្កើតជាភូមិជាផ្លូវការនូវឡើយទេ គ្រាន់តែអាជ្ញាធរមូលដ្ឋានដឹងលឺតែប៉ុណ្ណោះ។ដូច្នេះដើម្បីការពារសន្តិសុខ របស់ប្រជាពលរដ្ឋនោះពួកគាត់បានសហការរួមគ្នាបង្កើតជាក្រុមការងារស្ម័គ្រចិត្ត ក្នុងគោលបំណងជួយដោះស្រាយរាល់ទុកលំបាកផ្សេងៗដែលកើតមានឡើងផងដែរ។
លោកបញ្ជាក់ថា បច្ចុប្បន្នលោកបំពុងឲ្យជាងធ្វើកន្លែងផ្ទះបាយសម្រាប់សិស្ស ក្រោយពីរៀនត្រូវមានអ្នកប្រចាំការរៀបចំបាយទឹកជូនសិស្សហូប ដោយសារឪពុកម្តាយសិស្សមានជីវភាពខ្វះខាត ព្រឹកចេញទៅស៊ីឈ្នួលដកដំឡូងមីឲ្យគេ ពេលល្ងាចបានវិលត្រឡប់ជួបជំគ្នា ដោយទុកកូនផ្ញើនិងសាលា ហើយប្រជាពលរដ្ឋមានដីតែម៉ារស់នៅតែប៉ុណ្ណោះ ឯដីស្រែចំការក៏គ្មាន។ចំណែកថ្លៃធ្វើផ្ទះបាយចំណាយថវិការផ្ទាល់ខ្លួនរបស់លោក និងអង្កការក្តីស្រលាញ់។ដោយឡែកគ្រូបង្រៀនសុទ្ធតែស្ម័គ្រចិត្តគ្មានប្រាក់ខែទាំងអស់។ដូច្នេះលោក រួមនឹងលោកគ្រូ អ្នកគ្រូស្នើសុំឲ្យថ្នាក់ដឹកនាំជួយសម្រួលឲ្យតំបន់នេះបានបង្កើតភូមិពេញសិទ្ធិដូចគេឯងផង ម្យ៉ាងវិញទៀតស្នើសុំប្រមុខថ្នាក់ដឹកនាំ និងសប្បុរសជននានា ជួយឧបត្ថម្ភ ជាសាលារៀន មន្តីរពេទ្យ សម្ភារៈសិក្សា ទឹក ភ្លើង ពិសេសផ្លូវដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ពីព្រោះនៅរដូវវស្សាជួបការលំបាក៕