អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះហ៊ុំព័ន្ធទីតាំងសណ្ឋាគារ និងផ្ទះសំណាក់ក្នុងក្រុងប៉ោយប៉ែត ដើម្បីយកអ្នកពាក់ព័ន្ធជាមួយស្ត្រីជនជាតិចិនម្នាក់ មានវិជ្ជមានជំងឺកូវីដ១៩ ទៅពិនិត្យសំណាក និងធ្វើចត្តាឡីស័ក
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួលបានព័ត៌មានពីសមត្ថកិច្ចខេត្តសៀមរាប ថា មានបុរសជាជនជាតិចិនម្នាក់កំពុងស្នាក់នៅក្រុងប៉ោយប៉ែត ត្រូវជាសង្សាស្ត្រីជនជាតិចិនដូចគ្នា ដែលធ្វើដំណើរចេញពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប ត្រូវសមត្ថកិច្ចរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ នោះ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ មាន៖អាវុធហត្ថ , កម្លាំងនគរបាលខេត្ត ក្រុង រួមនឹងក្រុមគ្រូពេទ្យជួរមុខ បានចុះទៅហ៊ុំព័ន្ធទីតាំងសណ្ឋាគារ និងផ្ទះសំណាក់ចំនួន៤កន្លែង ក្នុងក្រុងប៉ោយប៉ែត ដើម្បីយកអ្នកពាក់ព័ន្ធជាមួយស្ត្រីជនជាតិចិន ដែលមានវិជ្ជមានជំងឺកូវីដ១៩នោះ ទៅពិនិត្យសំណាក និងធ្វើចត្តាឡីស័ក។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការចុះប្រតិបត្តិការណ៍របស់អាជ្ញាធរខេត្ត ក្រុង និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងក្រុមគ្រូពេទ្យជួរមុខនៅពេលនេះ បន្ទាប់ពីទទួលបានព័ត៌មាន ពីខេត្តសៀមរាបថា មានបុរសជាជនជាតិចិនម្នាក់ កំពុងស្នាក់នៅក្នុងប៉ោយប៉ែត ជាប់ពាក់ពន្ធ័ជាមួយនឹងស្ត្រីជនជាតិចិនដូចគ្នា ហើយក៏ត្រូវជាសង្សានឹងគ្នា ដែលកំពុងមានវិជ្ជមានជំងឺកូវីដ១៩ នៅខេត្តសៀមរាបនោះ កម្លាំងបានធ្វើការស្វែងរកបុរសរូបនោះនៅតាមបណ្តាផ្ទះសំណាក់ និងសណ្ឋាគារ រួមនឹងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីយកទៅធ្វើសំណាក និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ តាមវិធានការរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានោះដែរអាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងក្រុមគ្រូពេទ្យ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ត្រូវចូលរួមអនុវត្តតាមការផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច នៅពេលដឹងថាខ្លួន ឬអ្នកជិតខាងមិនសូវស្រួលខ្លួន មានអាការៈខុសប្រក្រតី ត្រូវរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងក្រុមគ្រូពេទ្យជំនាញ ដើម្បីចូលរួមទប់ស្កាត់ការីករាលដាលនូវជំងឺកូវីដ១៩៕