ឯកឧត្តមអភិបាលខេត្តរតនគិរី អញ្ជើញចុះពិនិត្យ និងពង្រឹងការងារត្រួតពិនិត្យបឋមដើមទី ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ នៅស្រុកលំផាត់
ខេត្តរតនគិរី៖នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យ និងពង្រឹងការងារត្រួតពិនិត្យបឋមដើមទី ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ នៅស្រុកលំផាត់។
ក្នុងនោះឯកឧត្តមបានណែនាំដល់មន្ត្រីអនុវត្ត ត្រូវបំពេញតួនាទីឲ្យបានត្រឹមត្រូវ ដើម្បីបង្ការបានពីការចម្លងមេរោគកូវីដ-១៩ ស្របពេលដែលបច្ចុប្បន្នព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងផ្ទុះរាលដាលជាបន្តបន្ទាប់ ក្នុងនោះត្រូវពិនិត្យបឋមវ៉ាស់កំដៅ បាញ់អាល់កុលគ្រប់អ្នកដំណើរចូលខេត្ត និងយកឈ្មោះ លេខទូរស័ព្ទ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងក្នុងករណីហានិភ័យកើតឡើងជាយថាហេតុ។
សូមបញ្ជាក់ថា ក្រោយករណីផ្ទុះជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត បានរៀនចំទីតាំងត្រួតពិនិត្យបឋមនៅដើមទីនៅច្រកចូលខេត្តចំនួន ៤ទីតាំង ក្នុនោះមានផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងស្រុកកូនមុំ ផ្លូវជាតិលេខ៧៦ ស្ថិតនៅស្រុកលំផាត់ ចំណតរថយន្តក្រុងបានលុង និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដើម្បីពិនិត្យបឋមពីស្ថានភាពសុខភាពរបស់ពលរដ្ឋដែលធ្វើដំណើរចូលខេត្ត ក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ចូលក្នុងសហគមន៍។ យ៉ាងណាក៏ដោយ ឯកឧត្តមក៏បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ និងស្នើសុំសហការជាមួយអាជ្ញាធរក្នុងការត្រួតពិនិត្យនេះ ព្រោះនេះជាករណីចាំបាច់ និងជាវិធានការបឋមមួយសម្រាប់ទប់ស្កាត់ជំងឺកាចសាហាវនេះ៕