ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមទីតាំង បន្ទប់ព្យាបាល និងបន្ទប់ដាក់ដាច់ដោយឡែក សម្រាប់អ្នកឆ្លងជំងឺកូវីដ១៩
ខេត្តកំពត៖ក្នុងកិច្ចប្រជុំត្រៀមទីតាំង បន្ទប់ព្យាបាល និងបន្ទប់ដាក់ដាច់ដោយឡែក សម្រាប់អ្នកឆ្លងជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យបង្អែកទាំង៥ និងមន្ត្រីជំនាញ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត នឹងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ បានមានប្រសាសន៍ថាគណៈកម្មការបានត្រៀមនូវបន្ទប់ គ្រែ ក្រុមគ្រូពេទ្យ រថយន្តសង្រ្គោះ និងសម្ភារៈបរិក្ខារ រួចរាល់ហើយ។
ជាមួយគ្នានោះដែរឯកឧត្តម ក៏បានណែនាំដល់អង្គភាពពាក់ព័ន្ធ និងមន្ទីរពេទ្យបង្អែករដ្ឋទូទាំងខេត្ត ត្រូវយកចិត្តទុកគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងត្រូវផ្សព្វផ្សាយដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋចូលរួមសហការក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់៕