សាខាកាកបាទក្រហមកម្ពុជា សហការជាមួយមន្ទីរសាធារណការ ខេត្តស្វាយរៀង ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និងសាធារណៈជន ឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក
ខេត្តស្វាយរៀង៖លោកជំទាវ ដួង វណ្ណា ប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម លោកជំទាវ ជា សមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា អ្នកស្មគ្រ័ ចិត្តកាកបាទក្រហម សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក សរុបចំនួន៨០នាក់ ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និងសាធារណៈជន ឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរ បើកបរចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរលើសល្បឿនកំណត់ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រាពិការស្លាប់ និងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍។
យុទ្ធនាការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានចែកជូននូវឯកសារពាក់ព័ន្ធ ខិតបណ្ណ័នានា ទាក់ទងនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក បិទចំណាំងផ្លាត និងមានការរៀបចំជាកម្មវិធីសំនួរ ចម្លើយស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក អ្នកដែលឆ្លើយត្រូវទទួលបានមួកសុវត្ថិភាព អាវយឺត ពីក្រុមការងារសាខា និងមន្ទីរសាធារណការ និងដឹកជញ្ជូន។
ជាមួយគ្នានេះដែរក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាលពាក់ព័ន្ធទៅនឹង វិធានការ ការពារពីជំងឺកូវីដ-១៩ ដល់សាធារណជនទូទៅដែលកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈត្រង់ចំណុច នៅភ្លើងស្តុបសួនតាឌី នៅរង្វង់មូលមុខសាលាក្រុងស្វាយរៀង និងនៅផ្លូវកែងទំនប់តាណេង។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយស សាខា បានបញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបង្កនូវផលលំបាកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិ ដោយបានបំផ្លាញ ទាំង ទ្រព្យសម្បត្តិ ទាំងអាយុជីវិត និងបន្សល់ទុកនូវជនរងគ្រោះ ជនពិការ ក្មេងកំព្រារ ស្ត្រីម៉េម៉ាយ គ្រួសារក្រីក្រ ។ ល ។ បញ្ហានេះបានទាក់ទាញនូវការយកចិត្តទុកដាក់ ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយនូវ អត្រាគ្រោះថ្នាក់ ចរាចរណ៍តាមរយៈការបង្កើតគណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៌ផ្លូវគោក ច្បាប់ស្តីពីចរាចរណ៌ផ្លូវគោក គោលនយោបាយ និងផែនការសកម្មភាពជាតិទស្សវត្តសុវត្ថិភាពចរាចរណ៌ផ្លូវគោករយៈពេល១០ឆ្នាំ ហើយការ ផ្សព្វផ្សាយនាពេលនេះក្នុងគោលបំណងអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវពាក់មួកសុវត្ថិភាព ឲ្យបានគ្រប់ៗគ្នា ទាំងអ្នកបើកបរ និង អ្នករួមដំណើពីក្រោយគ្រប់ពេលវេលាដែលធ្វើចរាចរណ៍តាមដងផ្លូវតាមរយៈម៉ូតូ ដើម្បីធានាសុវត្ថិភាព កុំឲ្យមានរបួសក្បាលបណ្តាលឲ្យស្លាប់ បើគ្មានមួកសុវត្ថិភាព កុំបើកបរ និងជិះពីក្រោយ។ត្រូវគោរពច្បាប់ ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន កុំបើកបរហួសល្បឿន កំណត់ និងត្រូវបំពេញលក្ខខណ្ឌយានជំនិះរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ដូចជាកញ្ចក់មើលក្រោយ ចង្កៀងបំភ្លឺភ្លើង សញ្ញាបត់ ។ល។
លោកជំទាវបានបន្តទៀតថា ដោយមើលឃើញពីស្ថានភាព នៃគ្រោះថ្នាក់ចរាចរណ៍ពីមួយឆ្នាំ ទៅមួយឆ្នាំ មានការកើនឡើង សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននឹងជំរុញឲ្យមានអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចុះសហការ ជាមួយមន្ត្រីចរាចរផ្លូវគោក នៅតាមចំណុចគោលដៅ ដើម្បីផ្សព្វផ្សាយ ពីផលប៉ះពាល់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ និងធ្វើការណែនាំឲ្យអ្នកបើកបរទាំងអស់ត្រូវពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព និងការបើកបរ ក្រោមឥទ្ធិពល គ្រឿងស្រវឹង៕