ប្រកាសតែងតាំង និងចូលកាន់មុខតំណែង ប្រធានរតនាគារខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានរតនាគារខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអគ្គនាយករង នៃអគ្គនាយកដ្ឋានរតនាគារជាតិ ឯកឧត្តមអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម
សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធាននាយកដ្ឋានបុគ្គលិក លោកប្រធាននាយកដ្ឋានគ្រប់គ្រងរតនា
គារថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ អភិបាលក្រុង-ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីជាក្រុមប្រឹក្សាឃុំ-សង្កាត់ លោក លោកស្រីជាមេឃុំ-ចៅសង្កាត់ ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ០១១ សហវ.ប្រក សម្រេចតែងតាំងលោក ណេង ករុណា ជាប្រធានរតនាគារខេត្តប៉ៃលិនថ្មីជំនួសលោក ហៀង សុងហួតដែលត្រូវដល់អាយុចូលនិវត្តន៍។បន្ទាប់ពីទទួលបានប្រកាសតែងតាំងមុខតំណែងថ្មី ពីឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួចមកលោក ណេង ករុណា ដែលទើបតែងតាំងមុខតំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តធ្វើការប្តេជ្ញាអនុវត្តន៍ យ៉ាងម៉ឺងម៉ាត់ នូវរដ្ឋធម្មនុញ្ញ គោលការណ៍ ច្បាប់លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ ណែនាំនានារបស់រាជរដ្ឋាភិបាល ដែល បានដាក់ចុះឲ្យមានប្រសិទ្ធភាពខ្ពស់ជាពិសេសប្ដេជ្ញា គោរព គាំទ្រ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវ កម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានវាយតម្លៃការខិតខំប្រឹងប្រែងបម្រើការងារបានល្អរបស់លោកប្រធានចាស់ ដែលបានបំពេញការងាររយៈពេលជិត២ឆ្នាំ រហូតដល់អាយុចូលនិវត្តន៍ និងបានផ្តាំផ្ញើលោកប្រធានរតនាគារថ្មី បន្តខិតខំលើកកម្ពស់សមត្ថភាព ប្រមូលផ្តុំ សាមគ្គីភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារសង្គម បម្រើសេវាសា ធារណ:ផ្នែកហិរញ្ញវត្ថុ រួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ព្រមទាំងផ្ដាំផ្ញើដល់ប្រធានថ្មីបន្តខិតខំដឹកនាំ មន្ត្រីក្រោម ឱវាទ និងកិច្ចសហប្រតិបត្តិការសាមគ្គីភាពជាមួយមន្ទីរអង្គភាពពាក់ ព័ន្ធប្រកប ដោយ គុណភាព និងគុណផល បន្តរួមចំណែកជាមួយរដ្ឋបាលខេត្តលើកិច្ចការទូទាត់ ហិរញ្ញវត្ថុ សាធារណៈប្រកប ដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ មានប្រសាសន៍ កោតសរសើរស្នាដៃលោកប្រធានចាស់ ដែលបានដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុងការ បំពេញការងាររយៈពេលជិត២ឆ្នាំកន្លងមកនេះ ស្របតាមកំណែទម្រង់ស៊ីជម្រៅ យុទ្ធសាស្ត្រចតុកោណទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានផ្ដាំផ្ញើដល់លោកប្រធាន រតនាគារខេត្តប៉ៃលិនថ្មី ត្រូវអនុវត្តន៍តួនាទីឱ្យបានខ្ជាប់ខ្ជួនរាល់ផែនការ សកម្មភាព របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាពិសេសការអនុវត្ត អនុក្រម៥យ៉ាង របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបាវចនាពីរយ៉ាង និងអភិក្រម៤ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌបង្កើន សមត្ថភាពការងារកាន់តែល្អថែមទៀតគឺ ទី១. អនុវត្តន៍ការងារប្រកបដោយ វិជ្ជាជីវៈ និងក្រមសីលធម៌, ទី២.អនុវត្តន៍ការងារជាក្រុម, ទី៣.អនុវត្តន៍ការងារប្រកាន់ភ្ជាប់ស្មារតីបុរេ សកម្ម នៃកំណែទម្រង់សាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, និងទី៤. មិន ត្រូវមើលរំលងកំហុសរបស់ខ្លួន ហើយអភិក្រមទាំង ៤នេះ ជាគោលដៅក្នុងការអភិវឌ្ឍការងារ ប្រកបដោយប្រសិទ្ធភាព៕