ផ្ទុះសេចរន្តអគ្គីសនី បណ្តាលឲ្យឆាបឆេះរាលដាលផ្ទះចំនួន៣ម្ចាស់ សំណាងល្អមិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់
ខេត្តបន្ទាយមានជ័យ៖ផ្ទះប្រជាពលរដ្ឋចំនួន៣ម្ចាស់ ត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង២១និង០០នាទី នៅថ្ងៃអាទិត្យ ទី០៧ ខែកុម្ភះ ឆ្នាំ២០២១ នៅចំណុចអាគារជ្រុងខាងកើតផ្សារអគ្គៈថ្មី ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរក្រុងប៉ោយប៉ែត បាននាំយកនូវរថយន្តពន្លត់អគ្គភ័យ ចុះជួយអន្តរាគមន៍បាញ់ពន្លត់រហូតរលត់ជាស្ថាពរមិនបណ្តាលឲ្យរាលដាលដល់អ្នកដ៏ទៃ និងមិនបណ្តាលឲ្យមានអ្នករងគ្រោះថ្នាក់ឡើយ គ្រាន់តែរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនតែប៉ុណ្ណោះ។
ក្នុងឱកាសនោះដែរគេសង្កេតឃើញមានវត្តមានលោក គាត់ ហ៊ុល អភិបាលនៃគណៈអភិបាល លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងខេត្តបន្ទាយមានជ័យផងដែរ។
បើតាម លោកវរសេនីយ៍ឯក សៅ សារឿង អធិការនគរបាលក្រុងបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គភ័យឆាបឆេះនោះមានម្ចាស់ឈ្មោះ
១.ឈ្មោះ សុខ ចាន់ថន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ខោអាវ និងស្បែកជើង(យុវវ័យ)
២.ឈ្មោះនឹម គង្គា ភេទប្រុស អាយុ៣៩ ឆ្នាំ រស់នៅចំណុចខាងលើ មុខរបរកាត់ដេរ (ទេពប្រណិតកាត់ដេរ)។
៣-ឈ្មោះជុច ចន្ថា អាយុ៤៥ឆ្នាំ ភេទប្រុស អ្នកទាំងបីខាងលើរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកអធិការក្រុងបញ្ជាក់ថា បើយោងតាមការបំភ្លឺពីម្ចាស់បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យឆាបឆេះគឺផ្តើមចេញពីផ្ទះ ទេពប្រណិតកាត់ដេរ ដោយសារផ្ទុះសេចរន្តអគ្គីសនីនៅជាន់ឡៅតឿន។
លោកបញ្ជាក់ទៀតថា ក្នុងហេតុការណ៍ខាងលើនេះដែរកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់
អគ្គីភ័យចំនួន៣គ្រឿង មកពីអធិការដ្ឋាននគបាលក្រុង រថយន្តក្រុមហ៊ុនកាស៊ីណូស្តារវេហ្គាស់ រថយន្តក្រុមហ៊ុនកាស៊ីណូត្រួពីកាណា ដោយប្រើប្រាស់ទឹកអស់ចំនួន៤ធុងទើបរលត់ជាស្ថាពរ។
ជាមួយគ្នានោះដែរលោកអធិការនគរបាលក្រុងប៉ោយប៉ែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយត្ន័ខ្ពស់ ចំពោះគ្រោះអគ្គីភ័យ ពិសេសការអុចទៀនធូបនៅឱកាសចូលឆ្នាំចិន វៀតណាមនៅពេលខាងមុខនេះផងដែរ៕