ឃាត់ខ្លួនព្រះសង្ឃ ១ អង្គគង់នៅវត្តសុវណ្ណគីរី ហៅ ភ្នំជញ្ជាំង ពាក់ព័ន្ធករណីរួមភេទជាមួយក្មេងស្រីអនីតិជន
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីទទួលបានពាក្យបណ្ដឹងឪពុករបស់ជនរងគ្រោះឈ្មោះ ដាំ សូរ៉ាប៉ា ភេទប្រុស អាយុ ៤៥ ឆ្នាំ ថាមានករណីព្រះសង្ឃរួមភេទជាមួយក្មេងស្រី កើតឡើងនៅចំណុចក្នុងកុដ្ឋនៅវត្តសុវណ្ណគីរីភ្នំជញ្ជាំង ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្ត ប/ជ ទើបកម្លាំងមូលដ្ឋាន អ.ហ ស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោក វ/ត្រី ស៊ិន រ៉ាស៊ី មេ/ការ មូលដ្ឋាន អ.ហ ស្រុក សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តបានចុះដល់កន្លែងកើតហេតុ ហើយមន្ត្រីមន្ទីរធម្មការ បានរៀបចំពិធីផ្សឹកលោកសង្ឃឈ្មោះ ម៉ាន់ មុំ ដែលជាអ្នកប្រព្រឹត្តខុស ហើយប្រគល់ឱ្យកម្លាំងមូល អ.ហ ស្រុក ចាត់ការតាមនីតិវិធី។
លោក វ/ត្រី ស៊ិន រ៉ាស៊ី បានឱ្យដឹងថា ជនសង្ស័យជាសង្ឃឈ្មោះ ម៉ាន់ មុំ ហៅ ព្រែក ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយ បានឆ្លើយសារភាពថា រូបគេនៅជាសង្ឃបានស្គាល់ជាមួយនារីឈ្មោះ ម.ស.ព អាយុ១៤ឆ្នាំ ក្នុងពិធីបុណ្យសពលោកគ្រូនៅវត្តស្រមោច ក្នុងកំឡុងឆ្នាំ២០២០ ហើយក៏មានការទំនាក់ទំនងគ្នាតាមរយៈឆាតហ្វេសប៊ុក ហើយក៏បានស្រលាញ់គ្នាតែម្តង ព្រមទាំងបានរួមភេទជាមួយគ្នាជាញឹកញាប់ផងដែរនៅក្នុងកុដ្ឋរបស់ខ្លួននៅវត្តគីរីភ្នំជញ្ជាំង ស្រុកព្រះនេត្រព្រះ ហើយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នារី ឈ្មោះ ម.ស.ព បានមករួមភេទជាមួយរូបគេនៅក្នុងកុដ្ឋដដែល ហើយដេកនៅក្នុងកុដ្ឋជាមួយរូបរហូតដល់ភ្លឺ ព្រឹកឡើងទើបត្រឡប់ទៅផ្ទះវិញ រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្រាប់តែមានសមត្ថកិច្ច និងមន្ត្រីមន្ទីរធម្មការ និងសាសសនា ខេត្ត បានចុះមកដល់វត្ត ហើយធ្វើពិធីផ្សឹករូបគេ ហើយប្រគល់ឱ្យសមត្ថកិច្ចឃាត់ខ្លួនពីបទរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំតែម្ដង។
ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋាន អ.ហ ស្រុកព្រះនេត្រព្រះ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស អ.ហ ខេត្តចាត់ការបន្ត បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញ អ.ហ ខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ៕