ឈ្មួញលួចដឹកសត្វជ្រូករស់១ឡាន និង១គោយន្ត ត្រូវកម្លាំងផលិតកម្ម និងបសុព្យាបាលក្រសួង និងខេត្តបន្ទាយមានជ័យស្ទាក់បង្ក្រាបបាន
ខេត្តបន្ទាយមានជ័យ៖កម្លាំងសមត្ថកិច្ចផលិតកម្ម និងបសុព្យាបាលក្រសួងបានសហការនឹងជំនាញនៅខេត្ត ជាមួយកម្លាំងនគរបាលបានស្ទាក់បង្ក្រាបឡានលួចដឹកជ្រូករស់របស់ឈ្មួញកាលពីម៉ោង១និង៣០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិពង្រ សង្កាត់កំពង់ស្វាយ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានឲ្យដឹងថា យោងការណែនាំរបស់លោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រសួងទើបក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីររកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាល ស្រុកស្វាយចេក និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានចុះឆ្មក់ស្ទាក់ចាប់បទល្មើសផលិតកម្មសត្វបាន២ករណីករណីទី១ បង្ក្រាបរថយន្តម៉ាកសាំងយ៉ុងពណ៌ទឹកប្រាក់ ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥ កៅអី ពាក់ស្លាកលេខភ្នំពេញ2Q-2123 ដឹកសត្វជ្រូករស់ចំនួន២០ក្បាល។
រថយន្តខាងលើនេះ បាននាំចូលសត្វជ្រូករស់មកពីប្រទេសថៃ តាមច្រករបៀងអូរបីជាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ការនាំចូលសត្វជ្រូកនិងការដឹកជញ្ជូននោះគ្មាលិខិតអនុញ្ញាតអ្វីទាំងអស់ ។
ចំណែកករណីទី២ កម្លាំងផលិតកម្មនិងបសុព្យាបាលក្រសួងនិងខេត្តបន្ទាយមានជ័យ ស្ទាក់បង្ក្រាបការលួចនាំចូលជ្រូករស់នៅម៉ោង៧និង៣២នាទី ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចខាងលើ ឃាត់បានគោយន្ត១គ្រឿង ពណ៍ក្រហម ដឹកសត្វជ្រូករស់ចំនួន១០ក្បាលតាមគោយន្តមកពីប្រទេសថៃ តាមច្រករបៀងចំការគក្នុងភូមិចម្ការគឃុំចម្ការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបានឃាត់នៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បន្ទាប់មកក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសទាំង២ករណីខាងលើនេះទៅ រក្សាទុកនៅទីតាំងចត្តាឡីស័កសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
សូមរំលឹកថា ក្នុងអំឡុងមុនបុណ្យចូលឆ្នាំប្រពៃណីសែស្រឡាយចិន យួននេះ បានកម្រើកចលនាលួចនាំចូលពីប្រទេសថៃ និងចរាចរណ៍ ដឹកជញ្ជូនសត្វជ្រូកសាច់ មាន់ទាសាច់ ជាបន្តបន្ទាប់ ប៉ុន្តែមន្ត្រីជំនាញ កម្លាំងអន្តរាគមន៍និងអាជ្ញាធរនៅតាមគោលដៅនៃខេត្តបន្ទាយមានជ័យ និងអគ្គនាយកដ្ឋាន ក៏បានសហការឆ្មក់ ស្ទាក់បង្ក្រាបបានបន្តបន្ទាប់ ហើយអនុវត្តវិធានចត្តាឡីស័កនិងវិធានផលិតកម្មសត្វផងដែរ ៕