ចាប់ឃាត់ខ្លួនចោលួចកាច់សោរកម៉ូតូ បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន២នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងករណីលួចកាច់សោរកម៉ូតូ
កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០៤ កុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្សាររាត្រីកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន បញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីបន្តនិតិវិធី។
អាវុធហត្ថបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់ដែលឃាត់ខ្លួន មានឈ្មោះ ទិត្យ ថារះ ហៅ យ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅមិនពិតប្រាកដ (ដេកតាមទីធ្លាកាស៊ីណូក្នុងក្រុងប៉ោយប៉ែត) និងឈ្មោះ អឿន ធី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅមិនពិតប្រាកដ (ដេកតាមសំយ៉ាបផ្សារកណ្ដាល ស្ថិតក្នុងភូមិ/សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅចំណុចខាងលើ លោកបានចាត់តាំងកម្លាំងចុះដល់កន្លែងកើតហេតុ ហើយសួរនាំហេតុការណ៍ ហើយធ្វើប្រតិបត្តិការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ តែម្តងព្រមទាំងដកហូតបាននូវវត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាកហុងដាអ៊ែប្លែក ពណ៌ក្រហមខ្មៅ ដែលជនសង្ស័យបានលួចកាច់សោរយក។
ជនសង្ស័យទាំង០២នាក់និងម៉ូតូ ត្រូវបានកម្លាំងអាវុធហត្ថក្រុងបញ្ជូនមកមូលដ្ឋានអាវុធហេតុក្រុងដើម្បីធ្វើការសាកសួរចម្លើយ ក្រោយពីសួរចម្លើយរួច ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា នៅវេលាម៉ោងប្រហែល២០ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ពួកគេបានទៅផ្សាររាត្រីក្បែរការស៊ីណូផ្កាយ៥ ចំណុចចំណតម៉ូតូ ហើយរងចាំមានឱកាសពួកគេនឹងលួចកាច់សោរកម៉ូតូយកតែម្ដង ស្របពេលដែលពួកគេកំពុងធ្វើសកម្មភាពកាច់សោរកម៉ូតូ ត្រូវបានសន្តិសុខយាមផ្សារឃើញទាន់ ក៏ប្ដឹងទៅកម្លាំងអាវុធហត្ថឃាត់ខ្លួនបានតែម្ដង។
យោងតាមចម្លើយបំភ្លឺរបស់ជនរងគ្រោះ-សាក្សី និងមានវត្ថុតាង ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌអាវុធ ខេត្តចាត់ការបន្ត បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ចំណែកម៉ូតូត្រូវបានកម្លាំងអាវុធហត្ថក្រុងប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕