លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង អញ្ជើញកាត់ខ្សែបូដាក់ឱ្យដំណើរការ មន្ទីរពេទ្យនគរបាលខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេ ង អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវអគារមន្ទីរពេទ្យនគរបាលខេត្តបាត់ដំបង ស្ថិតនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងលោកជំទាវ ឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធាន ក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ អ្នកមុខ អ្នកការតាមមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធក្នុងខេត្តបាត់ដំបង កងកម្លាំងនគរបាលព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនអង្គ រូប ចូលរួម។
ក្នុងពិធីដ៏វិសេសវិសាលនេះលោកជំទាវ ញ៉ែម សាខន បានប្រគេនទយ្យវត្ថុចំពោះព្រះសង្ឃ ប្រគល់សម្ភារៈបរិក្ខាប្រើប្រាស់ និងឱសថដល់មន្ទីរពេទ្យ ព្រមទាំងបានចែកអំណោយមួយចំនួនដល់អ្នកជម្ងឺ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនេះ។
សូមជម្រាបជូនថា មន្ទីរពេទ្យនគរបាលខេត្តបាត់ដំបង គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ តាមរយៈឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ហើយអគារនេះបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០១៨ និងបានការចូលរួមជួយឧបត្ថមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ អាជីវករសប្បុរសជនក្នុងខេត្ត និងក្រៅខេត្តជាច្រើនរូបនិងជាបន្តបន្ទាប់។
មន្ទីរពេទ្យនគរបាលខេត្តបាត់ដំបង ដែលកំពុងដំណើរការនេះ បានរៀបចំបំពាក់ដោយឧបករណ៍សម្ភារៈវេជ្ជសាស្រ្តទំនើបៗទាន់សម័យ និងមានក្រុមវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ទទួលបានការបណ្តុះបណ្តាលទាំងក្នុងប្រទេស និងក្រៅប្រទេសហើយ ដំណើរការទទួលពិនិត្យនិងព្យាបាលជម្ងឺទាំងកងកម្លាំងនគរបាល មន្រ្តីរាជការនិងប្រជាពលរដ្ឋទូទៅ ២៤ម៉ោង លើ២៤ម៉ោង៕