អភិបាលខេត្តប៉ៃលិន ដាក់ឧបករណ៍ហាត់ប្រាណចំនួន១៥ឈុត ត្រូវដំឡើងនៅលើសួនកុមារមុខសាលាខេត្ត ងាយស្រួលឱ្យពលរដ្ឋហាត់ប្រាណដោយសេរី ដើម្បីសុខភាពរឹងមាំ
ខេត្តប៉ៃលិន៖ពេលនេះអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺទិដ្ឋភាពនៅលើសួនកុមារ កាន់តែទាក់ទាញ ប្លែកភ្នែក និងចាប់អារម្មណ៍ខ្លាំងជាងមុន ខណ:ពេលអាជ្ញាធរខេត្ត ដឹកនាំដោយឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងាររៀបចំដាក់តាំងឧបករណ៍ហាត់ប្រាណចំនួន១៥ឈុត២កន្លែង (នៅសួនកុមារ១កន្លែង និងនៅចំណុចស្តេចកន១កន្លែង) ។
ហេតុការណ៍រៀបចំដាក់តាំងឧបករណ៍ហាត់ប្រាណនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងនៅក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានមានប្រសាសន៍ថា៖ ឧបករណ៍ហាត់ប្រាណ ដែលរៀបចំដាក់តាំងនៅលើសួនកុមារ និងនៅទីធ្លាស្តេចកននេះ មានចំនួន១៥ឈុត ដែលក្នុងនោះមានឧបករណ៍សម្រាប់បង្វិលចង្កេះ បង្វិលចលនាដៃ ចលនាជើង ដើម្បីឱ្យសរសៃក្នុងរូបរាងកាយ មានដំណើរការស្រួល បញ្ចេញញើស បំបាត់ជាតិពុលគីមីមួយចំនួនក្នុងខ្លួនផងដែរ។
ឯកឧត្តម បានបន្តទៀតថា អ្នកពិការដៃជើង ក៏អាចចូលហាត់ប្រាណបានដែរ ព្រោះមានឧបករណ៍ សម្រាប់យោលទៅមុខ យោលទៅក្រោយចំហៀង និងឡើងចុះបានមួយកំប្លេតែម្តង។
លើសពីនេះឧបករណ៍ហាត់ប្រាណទាំងនេះ មានតម្លៃខ្ពស់គួរសមដែរ ដោយលោកជំទាវកុម្មង់ទិញដោយថវិកាផ្ទាល់ខ្លួន មកពីប្រទេសថៃ សម្រាប់ដាក់ឱ្យពុកម៉ែបងប្អូន សម្រាប់ទំនេរពីការងារនាពេលល្ងាចៗ ឬពេលណាក៏បានដែរ ដោយចូលមកលេងកម្សាន្ត នាំគ្នាហាត់ប្រាណ ដើម្បីសុខភាព ព្រោះបច្ចុប្បន្ននេះ យើងតែងជួបប្រទះនឹងបញ្ហាសុខភាព ឈឺចុករោយឆ្អឹងខ្នង ចង្កេះ បណ្តាលមកពីសារធាតុគីមីផ្សេងៗ ក្នុងខ្លួន ។
ឯកឧត្តម ក៏មានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន កុំភ្លេចនាំគ្នាទៅហាត់ប្រាណ ដោយឥតគិតថ្លៃ តែក៏សូមចូលរួមថែរក្សាឧបករណ៍ទាំងនេះ ឱ្យបានគង់ វង្សឋិតឋេរយូរអង្វែង តកូនតចៅជំនាន់ក្រោយផងដែរ៕