លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ត្រៀមរៀបចំដាក់ឧបករណ៍ហាត់ប្រាណ នៅលើសួនកុមារ ដើម្បីជួយសម្រួល ដល់មនុស្សក្មេងចាស់ នាំគ្នាហាត់ប្រាណពេលទំនេរ
ខេត្តប៉ៃលិន៖ដើម្បីលើកកម្ពស់ដល់សុខភាពនិងបំផុសឲ្យពលរដ្ឋឲ្យព្យាយាមការហាត់ប្រាណ ដើម្បីបង្កើនកម្លាំងកាយឲ្យមានសុខភាពរឹងមាំទើប លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនគ្រោង និងរៀបចំដាក់ឧបករណ៍ហាត់ប្រាណ នៅលើសួនកុមារ ទល់មុខសាលាខេត្តក្នុងពេលឆាប់ៗខាងមុខនេះ។
នេះជាដំណឹងល្អដែលពលរដ្ឋម្នាក់ៗរំភើបត្រេកអរ និងសប្បាយចិត្តយ៉ាងខ្លាំង ដោយសង្ឃឹមថា នឹងមានពេលវេលា ដើម្បីនាំគ្នាទៅលេងកម្សាន្ត និងហាត់ប្រាណ ដើម្បីសុខភាពរឹងមាំ កម្លាំងមាំមួន។
លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍នៅលើបណ្ដាញឱ្យដឹងថា៖ត្រៀមៗ បងប្អូន ចាប់ពីថ្ងៃស្អែកនេះតទៅ នៅទីប្រជុំជន លើសួនកុមារនឹងមានឧបករណ៍ ហាត់ប្រាណដាក់ជូនពុកម៉ែបងប្អួន សំរាប់ហាត់ប្រាណ ដើម្បីសុខភាពហើយ ជាពិសេស នៅទីនេះមានលក់ម្ហូបអាហារ បង្អែមឆ្ងាញ់ៗ និងសំលៀកបំពាក់ស្អាតៗ តែតំលៃថោក សមរម្យថែមទៀតផង ។
លោកជំទាវបន្តទៀតថា សូមចូលរួមថែរក្សាអនាម័យ កុំភ្លេចខ្លួនពីវិធានការការពារ មេរោគជម្ងឺកូវីដ - ១៩ ។លើសពីនេះ ការហាត់ប្រាណត្រូវរក្សាគម្លាត១ម៉ែត្រកន្លះ ត្រូវពាក់ម៉ាស់ លាងដៃអោយបានញឹកញាប់ និងសូមបងប្អូនទាំងអស់ ចូលរួមថែរក្សាអនាម័យ ឧបករណ៍ហាត់ប្រាណរបស់យើង អោយបានល្អអាចប្រើប្រាស់បានយូរអង្វែង ។
សូមបញ្ជាក់ផងដែរថា៖កាលពីមុនគេធ្លាប់ឃើញមានការដាក់ទោង ប្រដាប់ក្មេងលេង និងសម្ភារៈហាត់ប្រាណមួយចំនួននៅលើសួនកុមារដែរ លុះក្រោយមកក៍បានខូចខាតអស់ និងត្រូវបានលើកចេញតែម្តង ៕