ឃាត់ខ្លួន បញ្ជូនក្រុមក្មេងទំនើងចំនួន៤នាក់ ទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីប្រើប្រាស់កំបិទដាវ បង្កអសន្តិសុខសង្គម
ខេត្តបន្ទាយមានជ័យ៖ក្រុមក្មេងទំនើងចំនួន០៤នាក់ ដែលប្រើប្រាស់កំបិទដាវ បង្កអសន្តិសុខសង្គម និងបង្កហិង្សាដោយចេតនាមានស្ថានទំងន់ទោស ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ត្រូវបានកម្លាំងនគបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់នគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីអនុវត្តតាមនិតិវិធីបន្ត។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសករណីក្មេងទំនើងនោះ បន្ទាប់ពីទទួលបានព័ត៌មាន លោកបានដឹកនាំកម្លាំង សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ និងមានចូលរួមសហការពីប្រជាពលរដ្ឋផងនោះ បានកំណត់មុខសញ្ញា និងធ្វើការឃាត់ក្មេងទំនើងទាំង០៤នាក់នេះ ជាបន្តបន្ទាប់ នៅថ្ងៃទីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីក្រុមក្មេងទំនើងទាំងនោះ បានធ្វើសកម្មភាពកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
ជនសង្ស័យទាំង០៤នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន៖
១.ឈ្មោះ សេង ណាឃីម ភេទប្រុស អាយុ១៥ឆ្នាំ,ទី២.ឈ្មោះ ឃី សំឡី ហៅខ្លី ភេទប្រុស អាយុ១៦ឆ្នាំ,ទី៣. ឈ្មោះ សេង សម្បត្តិ ភេទប្រុស អាយុ១៦ឆ្នាំ និង៤ ឈ្មោះ វង់ ភ័ក្ត្រា ហៅ ប៉ាប៉ាត្រា ភេទប្រុស ជនសង្ស័យទាំង០៤នាក់ រស់នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបញ្ជាក់ថា ក្មេងទំនើងទាំងនេះ គឺជាក្រុមក្មេងដែលតែងតែបង្ករឿង និងធ្លាប់ធ្វើសកម្មភាពកាប់គ្នា និងបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃជាញឹកញាប់ណាស់ ដោយមិនចាំបាច់មានជម្លោះអ្វីធំដុំឡើយ គ្រាន់តែមើលមុខ ក៏ពួកគេវាយកាប់ ឬបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃផងដែរ៕