អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន យាងគោរពក្រាបថ្វាយបង្គំ ព្រះបំណែកព្រះបរមអដ្ឋិ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ
ខេត្តបន្ទាយមានជ័យ: វេលាព្រឹកថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បានយាងមកគោរពក្រាបថ្វាយបង្គំ ព្រះបំណែកព្រះបរមអដ្ឋិ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាចំណែកដែល សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រគេនចំពោះ សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល យាងចាកពីមហាកុដិ មកតម្កល់ក្នុងព្រះមហាបុស្បុក ក្នុងព្រះវិហារវត្តលង្កាព្រះកុសមារាម វេលាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដើម្បីបើកជូនដល់បងប្អូនកូនចៅប្រជានុរាស្រ្តមានឱកាសចូលក្រាបថ្វាយបង្គំជាសាធារណៈ ស្របតាមព្រះរាជតម្រិៈដ៏ខ្ពង់ខ្ពស់បំផុត នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ដោយព្រះអាល័យ និងគោរពនូវព្រះរាជគំរូវីរភាពដ៏ខ្ពង់ខ្ពស់បំផុតនៃស្នាព្រហស្ត អង្គសម្ដេចឪ សម្ដេចតា សម្ដេចតាទួតដែលព្រះអង្គបានបូជាព្រះរាជបញ្ញាញាណ ព្រះកាយពល ពេញមួយព្រះជន្មាយុ ដើម្បីជាតិមាតុភូមិ និងប្រជានុរាស្ត្រ ជាទីស្រលាញ់របស់ព្រះអង្គ សមិទ្ធផលជាច្រើន ត្រូវបានស្ថាបនាកសាងឡើង និងបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយបានដឹង បានស្គាល់ និងចូលរួមថែរក្សាការពារ ក្រោមព្រះរាជបូជនីយកិច្ច ដ៏ឧត្តុងឧត្តមបំផុតមិនអាចកាត់ថ្លៃបាន
ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាព្រះមហាវីរក្សត្រមួយព្រះអង្គ ដែលតែងតែប្រកាន់ខ្ជាប់នូវព្រះរាជកិច្ចប្រកបដោយព្រហ្មវិហារធម៌ ដ៏ឧត្តុងឧត្តមចំពោះប្រជានុរាស្ត្រជាកូន ជាចៅ ចៅទួត របស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជាព្រះរាជសកម្មភាពដ៏ថ្លៃថ្លាបានបង្ហាញឲ្យឃើញនូវសច្ចធម៌ និងទសពិធរាជធម៌របស់ព្រះអង្គ ដែលព្រះអង្គប្រោសព្រះរាជទានដល់ប្រជានុរាស្ត្រកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ ជាតិកំណើត ជំនឿសាសនា ឬពណ៌សម្បុរឡើយ ដោយសារសច្ចភាពនេះហើយ ទើបធ្វើឲ្យប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណះ បានគាំទ្រ ស្រលាញ់ គោរពនឹកស្រណោះអាឡោះអាល័យចំពោះព្រះអង្គគ្មានថ្ងៃបំភ្លេចបាន។
តាងនាមប្រជានុរាស្ត្រខ្មែរ ទូលព្រះបង្គំ យើងខ្ញុំ ជាកូន ជាចៅ ចៅទួតរបស់ព្រអង្គ សូមថ្វាយនូវមហាព្រះរាជកុសល ថ្វាយចំពោះ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋសូមព្រះរាជវិញ្ញាណក្ខន្ធព្រះអង្គបានសោយព្រះបរមសុខ ឋានសួគ៌សុគតិភព និងអតីតព្រះរាជវិញ្ញាណក្ខន្ធព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ក៏ដូចជាព្រះវិញ្ញាណក្ខន្ធព្រះញាតិវង្សានុវង្សគ្រប់ព្រះអង្គ សូមបានទទួលនូវឥដ្ឋមនុញ្ញផល ហើយបានសោយសុខក្នុងទីឋានបរមសុខឋានសួគ៌សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឆ្លៀតក្នុងឱកាសពេលនោះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែនបានបួងសួងដល់ព្រះរាជវិញ្ញាណក្ខន្ធព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋសូមជួយថែរក្សាការពារប្រជានុរាស្ត្រខ្មែរទួទាំងនគរ សូមបានរួចចាកផុត ពីជម្ងឺររាតត្បាតដ៏កាចសាហាវកូវីដ១៩ ហើយបានសុខសុវត្ថិភាពគ្រប់ៗគ្នា។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអាចអញ្ជើញមកក្រាបថ្វាយបង្គំសុំពរជ័យសេចក្តីសុខចម្រើនបានគ្រប់ៗគ្នា ព្រះបំណែកព្រះបរមអដ្ឋិ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ តំកល់ទុកនៅក្នុងព្រះវិហារវត្តលង្កា ក្រុងភ្នំពេញ៕