ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងអាមេ ចំនួន២ខ្សែប្រវែង ២០០០ម៉ែត្រ នៅស្រុកស្អាង
ខេត្តកណ្តាល៖ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងអាមេចំនួន២ខ្សែប្រវែង២០០០ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ ស្ថិតនៅភូមិដើមព្រីង និងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
ក្នុងនោះឯកឧត្ដមអភិបាលខេត្ត បានលើកឡើងថា សមិទ្ធផលផ្លូវបេតុងប្រវែង២០០០ម៉ែត្រនេះ គឺជាការឆ្លើយតបទៅនឹងសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកន្លងមក និងជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
អភិបាលខេត្តកណ្តាល បានបញ្ចាក់បន្ថែមថា ផ្លូវបេតុងដែលកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺពិតជាមានសារៈណាស់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកោះខែលផ្ទាល់ ព្រមទាំងមានភាពងាយស្រួលក្នុងការធ្វើដំណើរ ទៅមក និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារមានភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយភាពក្រីក្រ ហើយ សមិទ្ធផលទាំងនេះ គឺផ្តើមចេញពីកត្តាប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវខិតខំកសាងសមិទ្ធិផលនានាជាបន្តបន្ទាប់ទៀត ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕