ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធ បើកការដ្ឋាន សាងសង់ គម្រោងអចលនទ្រព្យភូមិមរតក ដែលមានផ្ទៃដីសរុបជាង១៤ហិចតា
ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធ បើកការដ្ឋានសាងសង់ គម្រោងអចលនទ្រព្យភូមិមរតក ដែលមានផ្ទៃដីសរុបជាង១៤ហិចតា រួមមាន៖ដីឡូតិ៍ ផ្សារសហគមន៍ ផ្ទះល្វែងបែបអាជីវកម្ម និងមានតំបន់កំសាន្តស្ថិតនៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រី ជាប្រធានមន្ទីរក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការសាលាខេត្ត និងអាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋដែលមកចូលស្វែងយល់អំពីគំរោងលំនៅដ្ឋាននេះមួយចំនួនទៀត។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត បានសម្តែងការគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ នៅក្នុងខេត្តទៅលើការវិនិយោគវិស័យអចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដែលជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តស្វាយរៀង ជាពិសេសខេត្តមានទីតាំងដី និងសក្កានុពលអំណោយផលជាច្រើន សម្រាប់អ្នកវិនិយោគ។
ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់អ្នកវិនិយោគទុនទាំងអស់ត្រូវចូលរួមបង្ការទប់ស្កាត់ជំងឺ covid 19 ដោយធ្វើយ៉ាងណាត្រូវគោរពនូវវិធានការ(៣ការពារ ៣កុំ )របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជាពិសេសការធ្វើអនាម័យជាប្រចាំដូចជា ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ អាកុល ជែល និងនៅគម្លាតសុវត្ថិភាពជាដើម។
លោក សោម សុធា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យភូមិមរតក បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ភូមិមរតក គ្រោងចំណាយថវិកាសរុបជាង ៨លានដុល្លារ ដោយដំណាក់កាលទី១ គ្រោងចំណាយថវិកា ២.៦លានដុល្លារ។ហើយអ្វីដែលពិសេស គម្រោងភូមិមរតក អាចដំណើរការយ៉ាងឆាប់រហ័ស ដោយទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្ត ដែលបានបង្ហាញពីភាពជោគជ័យមួយជំហាន ពីព្រោះនេះគឺជាគម្រោងមួយ ដែលអាចកែប្រែវាសនាតំបន់ជុំវិញនេះ ឲ្យកាន់តែអ៊ូអរ ក្លាយជាទីប្រជុំជន ក្រុងរណបរបស់ខេត្តមួយ នាពេលអនាគតខាងមុខដ៏ខ្លីផងដែរ៕