ជនសង្ស័យ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ
រាជធានីភ្នំពេញ៖សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យ០១នាក់ទៅតុលាការ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ។
ជនសង្ស័យមានឈ្មោះ មឿន រស្មី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត នៅភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅរោងកម្មករក្នុងបុរីមួយកន្លែង ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនាពេលនេះធ្វើឡើងតបតាមបណ្តឹរបស់នារីរងគ្រោះ ដោយប្តឹងពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា កាលពីវេលាម៉ោង០៣ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយខ្លួនគេងពុំលក់ ខ្លួនក៏ងើបដើរសំដៅទៅបន្ទប់របស់នារីរងគ្រោះដែលជាកម្មករសំណង់ជាមួយគ្នា ពេលដើរទៅដល់មុខបន្ទប់របស់នាង ឃើញបន្ទប់បានបិទជិត ខ្លួនក៏ចូលទៅហែកទ្វារ ដើម្បីលូនចូលទៅក្នុងបន្ទប់របស់នារីរងគ្រោះ ហើយក៏ឃើញនាងកំពុងគេងម្នាក់ឯង ឆ្លៀតឱកាសល្អខ្លួនបានស្ទុះទៅឱបនាងពីលើ ស្រាប់តែនាងដឹងខ្លួនបានចាប់កអាវខ្លួនជាប់ និងស្រែកឲ្យគេជួយ ហើយក៏មានបុរសម្នាក់ជាមេជាង ដែលគេងនៅបន្ទប់ក្បែរនោះ រត់មកជួយចាប់រូបខ្លួនប្រគល់ឲ្យសមត្ថកិច្ចអាវុធហត្ថខណ្ឌច្បារអំពៅតែម្តងទៅ។ ហើយជនសង្ស័យខាងលើនេះធ្លាប់បានប្រើប្រាស់គ្រឿងញៀនអស់រយៈពេលជាងមួយឆ្នាំមកហើយ៕