ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ពីរករណីផ្សេងគ្នា នៅស្រុកថ្មគោល
ខេត្តបាត់ដំបង៖កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនពីរករណីផ្សេងគ្នា។
លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរករណីទី១ ធ្វើឡើងនៅវេលាម៉ោង០៨និង៤០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ រឿន សុផល ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដីក្រហម ឃុំតាសែន ស្រុកភ្នំព្រឹក រួមជាមួយវត្ថុតាងមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន១០ថង់ ទម្ងន់ ១,៦៤ក្រាម និងទូរស័ព្ទដៃចំនួន០១គ្រឿង ។
ករណីទី២ ធ្វើឡើងនៅវេលាម៉ោង០៥និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
នៅចំណុចភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ ឈួម វិច្ឆ័យ ហៅ ឆ័យ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិចារ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ជាមួយវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០១ថង់ទម្ងន់ ០,៧៤ក្រាម និងទូរស័ព្ទដៃចំនួន១គ្រឿងផងដែរ។
ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង រហូតមកដល់ថ្ងៃនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕