ឃាត់ខ្លួនជនសង្ស័យ១នាក់ បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ពន្ធ័ករណីប្រើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ វ៉ឹក វ៉ិត ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២១ លើករណីកូនប្រសាររបស់គាត់ប្រើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ដោយកូនប្រសាររបស់គាត់ប្រើប្រាស់គ្រឿងញៀនទៀតផងនោះលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធក្រុងប៉ោយប៉ែត បានចាត់តាំងកម្លាំងចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ខៀន សារ៉ង ភេទប្រុស អាយុ៣៦ឆ្នាំ និងដកហូតកាំបិតខ្វែវដងឈើ០១ដើម និងដែកស្រួច០១ដើមផងដែរ នៅវេលាម៉ោង១៥និង០២នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ហើយនាំមកកាន់មូលដ្ឋានអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។
ក្រោយពីសមត្ថកិច្ចជំនាញសាកសួរចម្លើយ បានជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានប្រើប្រាស់គ្រឿងញៀនយូរឆ្នាំមកហើយ ហើយក៏ធ្លាប់ជាប់ពន្ធនាគាររយៈពេល០១ឆ្នាំផងដែរ ដោយសាររូបគេជក់កញ្ឆា និងដាំដើមកញ្ឆា។
ក្រោយពេលរូបគេចេញពីពន្ធនាគារ រូបគេនៅតែបន្តប្រើប្រាស់គ្រឿងញៀនម៉ាទឹកកករហូតមក ជាក់ស្ដែង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងខណៈរូបគេកំពុងផឹកស្រា និងប្រើប្រាស់គ្រឿងញៀននៅផ្ទះ ក៏ស្រាប់តែមានគេគប់ជញ្ជាំងផ្ទះធ្វើឱ្យរូបគេមានកំហឹង ក៏ស្ទុះយកកាំបិតខ្វែវវាយបំបែកចាន ឆ្នាំង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបណ្ដាលឱ្យបែកបាក់ខ្ទិចខ្ទីអស់ ហើយព្រមទាំងគំរាមកំហែងដល់ប្រពន្ធ និងម្ដាយក្មេកទៀតផង។
ដោយផ្អែកលើពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងជំនាញអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកការិយាល័យប្រឆាំងការជួញដូរមនុស្សកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។បន្ទាប់មកទៀតកម្លាំងជំនាញអាវុធហត្ថខេត្ត បានបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕