ឯកឧត្តម ម៉េង សុភ័ណ្ឌ និងលោក ច័ន្ធ ប៊ុន សួរគ៌ បានអញ្ជើញចុះពិនិត្យការសាងាសង់លំនៅដ្ឋានជូនដល់លោកយាយវ័យ ៧៥ ឆ្នាំ នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បានអញ្ជើញទៅភូមិសូរិយ៉ា សង្កាត់និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យការសាងសង់ផ្ទះ និង សួរសុខទុក្ខលោកយាយ ហេង ទំ អាយុ ៧៥ ឆ្នាំ ដែលមានជីវភាពខ្វះខាត រស់នៅតែម្នាក់ឯង ដោយពុំមានកូនចៅមើលថែលោកយាយឡើយ។
សូមបញ្ជាក់ថា កន្លងទៅលោក យាយ បានទៅរស់នៅលើដីមួយកន្លែង នៅចំណុចដីអូរស្វារអិល ដែលទីតាំងដីមួយនេះមានទំនាស់ដ៏រាំរ៉ៃ ជាង២០ឆ្នាំ ជាមួយពលរដ្ឋ១៤គ្រួសារ តែក្រោយមក ប្រជាពលរដ្ឋ រាប់រយគ្រួសារទាំងនោះ ព្រមទាំងលោកយាយ ហេង ទំ ផងដែរ បានយល់ព្រមទទួលការដោះដូរតាមគោលនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមានវត្តមានរបស់ឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ រួមជាមួយក្រុមការងារ បានចូលខ្លួនទៅសម្របសម្រួល ។
បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនគ្រួសារ បានយល់ព្រមដោះដូរតាមគោលនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន រួចមក ដោយបានសំលឹងឃើញថា លោក យាយ ហេង ទំ មានវ័យជរា និង រស់នៅតែម្នាក់ឯង គ្មានលទ្ធភាព ក្នុងការសាងសង់ផ្ទះឡើងវិញនោះទេ ឯកឧត្តម ម៉េង សោភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ បានសហការគ្នា សាងសង់ផ្ទះជូនលោកយាយឡើងវិញផងដែរ ដើម្បីសម្រួលដល់ការរស់នៅនិងជីវភាពប្រចាំថ្ងៃរបស់លោកយាយ ។
សូមបញ្ជាក់ទៀតថា ផ្ទះដែលឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ បានជួយឧបត្ថម្ភនោះគឺមាន ចំនួនមួយខ្នង ដោយប្រក់ដំបូល ស័ង្កសី និង សរសរដែក មានទំហំ ៤×១០.ម៉ែត លើទំហំដី៤×២០ម៉ែត្រ ដោយសរុបប្រាក់អស់ជាង ៣០០០ ដុល្លា ។
ក្នុងនោះទៀតសោត លោក យាយ ហេង ទំ ពិតជាមានការសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានទទួលផ្ទះ និង ដីស្របច្បាប់ ហើយតែងតែកោតសរសើរឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ ព្រមទាំងក្រុមការងារផងដែរថា គឺជាមនុស្សមានភាពស្មោះត្រង់ និង គោរពតាមការសន្យា៕