ប្រកាសមុខតំណែង មន្ត្រីរាជការសាលាខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែងមន្ត្រីរាជការសាលាខេត្តព្រះសីហនុ។ពិធីនេះក៏មានការចូលរួមពីលោកស្រីអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយក នាយករងទីចាត់ការ និងប្រធានការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
ដីកាស្ដីពីការតែងតាំង និងការផ្ទេរភារកិច្ចមន្ត្រីរាជការសាលាខេត្តព្រះសីហនុលេខ ០០៦/២១ដក សម្រេចតែង តាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្ត ដូចមានរាយនាមខាងក្រោម៖
១. លោក ឌឹម វី ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ជានាយកទីចាត់ការរដ្ឋបាល ឱ្យទទួលមុខតំណែងជានាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ។
២. លោក ជា បាឈុន ឋានន្តរស័ក្តិនាយក្រមការដើមខ្សែ ថ្នាក់លេខ៣ ជាប្រធានអង្គភាពច្រកចេញចូលតែមួយ ត្រូវបានផ្ទេរភារកិច្ចទៅជានាយកទីចាត់ការរដ្ឋបាលសាលាខេត្តព្រះសីហនុ។
៣. លោកស្រី ម៉ាក សំណាង ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជានាយិការងទីចាត់ការគ្រប់គ្រងធនធានមនុស្ស ឱ្យទទួលមុខតំណែងជាប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រះសីហនុ។
៤. លោក ស៊ាន ដានីន ឋានន្តរស័ក្ដិអនុមន្ត្រីថ្នាក់លេខ២ ជាមន្ត្រីការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ ឱ្យទទួលមុខតំណែងជាប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈ ទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការប្រកាសមុខតំណែងមន្ត្រីរាជការសាលាខេត្តនាពេលនេះ គឺជាការសម្រួលមន្ត្រីរាជការក្នុងសាលាខេត្តព្រះសីហនុ ដែលបានបំពេញការងារដោយយកចិត្តទុកដាក់ ការទទួលខុសត្រូវពិសេសការពិនិត្យលទ្ធផលការងារ លក្ខខណ្ឌមន្ត្រីក្នុងអង្គភាពខេត្ត ម្យ៉ាងទៀតការតំឡើងតួនាទីនាយកទីចាត់ការរដ្ឋបាល ជានាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ។ប្រធានអង្គភាពច្រកចេញ-ចូលតែមួយ ជានាយកទីចាត់ការរដ្ឋបាល និងលោកស្រីនាយករងទីចាត់ការធនធានមនុស្ស ជាប្រធានអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន បន្តថា រដ្ឋបាលខេត្ត ក៏ដូចជាក្រុមប្រឹក្សាខេត្ត បានពិនិត្យនិងសម្រេចធ្វើការផ្លាស់ប្តូរភារកិច្ច ប្រកាសមុខតំណែងដោយផ្អែកលើលក្ខណៈសម្បត្តិ និងតម្រូវការចាំបាច់ក្នុងការបំពេញការងាររបស់មន្ត្រីរាជការសាលាខេត្តព្រះសីហនុ៕