អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង នៅស្រុករុក្ខគិរី សង្ស័យឆ្លងចរន្ធអគ្គីភ័យ
ខេត្តបាត់ដំបង៖ផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅក្នុងចំណុចក្រុមទី០៥ ភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យកើតឡើងខាងលើនេះបណ្តាលឲ្យឆេះលំនៅដ្ឋានចំការ០១ខ្នងដែលមានទំហំ ៩ម៉ែត្រx៧ម៉ែត្រ (ឆេះទាំងស្រុង) ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ ឈប់ ស្រស់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិកូនក្អែក ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿងចេញអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០១ឡានទើបរលត់បានទាំងស្រុង មិនបណ្តាលអោយឆ្លងឆេះរាលដាលទៅផ្ទះអ្នកដទៃ ហើយក៏មិនបណ្តាលអោយមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះសិក្សា នៅជុំវិញទីកន្លែងកើតហេតុ និងបានសន្និដ្ឋានថា ករណីឆេះខាងលើនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ដោយឡែកទំហំនៃការខូចខាតរួមមាន៖
ផ្ទះចំនួន ០១ខ្នងទំហំ៩ម៉ែត្រx៧ម៉ែត្រ (ឆេះទាំងស្រុង),ម៉ាស៊ីនបាញ់ថ្នាំចំនួន០២គ្រឿង,ជីអ៊ុយរ៉េចំនួន១០ការ៉ុង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត៕