អាជ្ញាធរក្រុងប៉ោយប៉ែត និងកងកម្លាំងចម្រុះទាំង៣ស្ថាប័ន ចុះត្រួតពិនិត្យ និងជូនដំណឹងដល់ម្ចាស់ទីតាំងអាជីវកម្ម KTV ក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩
ខេត្តបន្ទាយមានជ័យ៖ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩(COVID-19) គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត ដឹកនាំដោយលោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាព និងជាអភិបាល នៃគណៈអភិបាលក្រុង រួមនឹងកងកម្លាំងចម្រុះទាំង៣ស្ថាប័នរួមមានៈ កម្លាំងនគរបាល ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុង,កម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធក្រុង, កម្លាំងការរិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ក្រុងដឹងនាំដោយលោកឧត្តមសេនីយ៍ត្រី ឡាយ គឹមហួត អនុប្រធានការរិយាល័យ រួមនឹងចៅសង្កាត់ មេភូមិផងនោះ នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យ និងជូនដំណឹងដល់ម្ចាស់ទីតាំងអាជីវកម្ម KTV ក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) ព្រមទាំងស្នើឲ្យផ្អាកមួយរយៈពេល និងបានធ្វើការណែនាំដល់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន ត្រូវយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសជំរុញការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធាន «៣ការពារ និង៣កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយនឹងការចុះពិនិត្យជាក់ស្តែង និងធ្វើការណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មខាងលើទាំងអស់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនោះដែរ លោកគាត ហ៊ុល បានឲ្យដឹងថា ការចុះយុទ្ធនាការនេះតាមអនុសាសន៍របស់សម្តេចតេជោ និងដោយស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានការផ្ទុះឡើងនៃការឆ្លងរីករាលដាលក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ នោះ សាលាក្រុងបានធ្វើសេចក្តីប្រកាសជូនដំណឹងមួយជំហានរួចមកហើយដែរ។ក្នុងនោះសាលាក្រុងក៏បានរៀបចំរថយន្តចំនួន២គ្រឿងរួចជាស្រាចសម្រាប់ចុះផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងអំពីវិធានការរបស់ក្រសួងសុខាភិបាល តាមរយះការលាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកអាល់កុល,ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយប្រើកែងដៃឬក្រដាសអនាម័យរួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ,ជៀសវា ងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ,ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់,បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ,ស្វាគមន៍ដោយសំពះជំនួសការចាប់ដៃ ទើបជាការល្អ៕