ឯកឧត្តមអភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ ចុះសំណេះសំណាល សួរសុខទុក្ខ និងសម្របសម្រួលដោះស្រាយនូវបញ្ហាមួយចំនួន ជាមួយជនជាតិចិន ដែលមានផ្ទុកជំងឺកូវីដ-១៩
ខេត្តកណ្ដាល៖ក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីជំនាញ ចុះសំណេះសំណាល សួរសុខទុក្ខ និងសម្របសម្រួលដោះស្រាយនូវបញ្ហាមួយចំនួន ជាមួយជនជាតិចិន ដែលមានផ្ទុកជំងឺកូវីដ-១៩ ចំនួន២០នាក់ ដែលបានបញ្ជូនមកពីរាជធានីភ្នំពេញ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ពិនិត្យសុខភាព និងតាមដានជាប្រចាំ ពិសេសត្រូវយកសំណាក់ ដើម្បីធ្វើតេស្តផងដែរ។ជាងនេះទៅទៀត អាជ្ញាធរក្រុងតាខ្មៅ ត្រូវរៀបចំនូវម្ហូបអាហារអោយបានសមរម្យ និងជាប្រចាំថ្ងៃជូនពួកគាត់។ដោយមើលឃើញពីការយកចិត្តទុកដាក់របស់ឯកឧត្តមអភិបាលខេត្ត បងប្អូនជនជាតិចិន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តមខេត្ត អាជ្ញាធរពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ព្យាបាលជំងឺជូនពួកគាត់ផងដែរ។
ក្នុងនោះឯកឧត្ដមអភិបាលខេត្តក៏បានដោះស្រាយនូវសំណូមពរមួយចំនួន របស់ពួកគាត់ដែលបានសំណូមពរដល់អាជ្ញាធរ ក៏ដូចជាក្រុមគ្រូពេទ្យផងដែរ៕