ប្រជាពលរដ្ឋចោទលោក ហង្ស ម៉ៅ និងលោកឧត្តមសេនីយ៍ទោ ជា សំណាង រឿងវាទទីយកដីកេរ្តិ៍ឪពុករបស់ខ្លួន នៅចំណុចភូមិសូរិយ៉ា សង្កាត់និមិត្ត
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋមួយគ្រួសារដែលបានអះអាងថា ខ្លួនរងគ្រោះនិងអយុត្តិធម៌ពីសំណាក់អ្នកមានលុយ មានអំណាចដែលបានវាទទីយកដីកេរ្តិ៍របស់ឪពុកឈ្មោះ ជា សាវី ជាអតីតទាហាន ដែលបច្ចុប្បន្នបានស្លាប់បាត់ទៅហើយយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន ដោយគ្មានដំណោះស្រាយពីអាជ្ញាធរក្រុង ខេត្ត ទោះជាពួកគាត់បានដាក់ពាក្យបណ្តឹងជាច្រើនលើកយ៉ាងណាក្តី។
បើតាមលោកស្រី ជា សុខហ្គេច អាយុ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសុភី ក្រុងសិរីសោភ័ណ្ឌ បានឲ្យដឹងថា ដីរបស់ខ្លួនដែលបានកាន់កាប់បន្តពីឪពុកនៅចំណុចភូមិសូរិយ៉ា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានកន្ទុយប័ណ្ណ(ចុងសន្លឹក)ត្រឹមត្រូវដែលមានទំហំ៣៨៤៩៣ម៉ែត្រ ស្មើនឹងជាង៣ហិចតា ដែលបច្ចុប្បន្ននៅសល់មិនបាន១ហិចតានោះទេ ដោយសារមានលោកឧត្តមសេនីយ៍ទោ ជា សំណាង មានតួនាទីជាប៉េអ៊ឹមផ្ទៃប្រទេសមួយរូប និងលោក ហង្ស ម៉ៅ បានវាទទីយកម្តងបន្តិចៗ រហូតមានការកាយផ្តាច់ផ្លូវនិងឈូសខ្ទមដែលពួកគាត់សាងសង់គ្រោង និងដេកចាំធ្វើចំការនៅទីនោះ ជាក់ស្តែងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោកហង្ស ម៉ៅ បានបន្តយកគ្រឿងចក្រកាយផ្តាច់ផ្លូវ ក្នុងគោលបំណងយកដីដែលនៅសេះសល់បន្ថែម។ ដូច្នេះពួកគាត់ស្នើឲ្យ ថ្នាក់ដឹកនាំជួយអន្តរាគមឲ្យបានដីនេះបានមកវិញ ដើម្បីទុកគ្រាន់ធ្វើចំការចិញ្ចឹមជីវិត។
ជុំវិញការចោទប្រកាន់នេះដែរ លោក ហង្ស ម៉ៅ បានឲ្យដឹងតាមទូរស័ព្ទថា លោកសុំធ្វើការច្រានចោលទាំងស្រុងនូវការចោទប្រកាន់នេះ ដោយសារលោកមិនបានជាប់ពាក់ព័ន្ធនោះទេ តែលោកគ្រាន់តែជាអ្នកមើលខុសត្រូវឲ្យលោកជំទាវ ហ៊ុន ណេង តែប៉ុណ្ណោះ។លោកបញ្ជាក់ថា ដីនេះសរុបរួមមានទំហំ២០ហិចតា មានប្លង់រឹងត្រឹមត្រូវដែលមានការទទួលស្គាល់ពីលើ ហើយដីនេះទិញហុនគ្នាបងប្អូន៣នាក់ ដោយទិញពីលោកជំទាវ ឈឹង ណេង ហើយកាលពីដើមឡើយដីនេះគឺលោកជំទាវ ឈឹង ណេង បានប្រគល់ឲ្យលោកជា សាវី អតីតទាហាន និងត្រូវជាឪពុករបស់លោកស្រី ជា សុខហ្គេច មើលខុសត្រូវតែប៉ុណ្ណោះ ចំណែកប្លង់រឹងគឺជាឈ្មោះរបស់លោកជំទាវ ឈឹង ណេង យ៉ាងពិតប្រាកដ ព្រមទាំងមានអាជ្ញាធរគ្រប់ជាន់ថ្នាក់ដឹងលឺទៀតផង តែក្រោយមកលោកជំទាវ ឈឹង ណេង ក៏បានលក់ទៅឲ្យលោកជំទាវ ហ៊ុន ណេង កាន់កាប់ស្របច្បាប់រហូតមកដល់បច្ចុប្បន្ន។
ដោយឡែកលោកឧត្តមសេនីយ៍ទោ ជា សំណាង ក៏បានធ្វើការបដិសេធទាំងស្រុងផងដែរថា លោកមិនមានជាប់ពាក់ព័ន្ធរឿងដីធ្លីអ្វីនោះទេ កុំចេះតែចោទនិងយកឈ្មោះតួនាទីរបស់លោកមកប្រើដោយមិនដឹងច្បាស់ ជាក់ស្តែងនាពេលកន្លងទៅនេះនៅលើបណ្តាញសង្គមFacebookបានសសេវាយប្រហារទៅលើរូបលោកដោយមិនបានសួនាំ ជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយស តែបើនៅតែបន្តលោកនឹងដាក់ពាក្យបណ្តឹងជាក់ជាមិនខាន។លោកបញ្ជក់ទៀតថា បញ្ហារកស៊ីដីធ្លី ជារឿងភរិយារបស់លោកកុំយកឈ្មោះតួនាទីលោកមកលាលំឲ្យសោះ តែបញ្ហាខាងលើនេះលោកបានដឹងថា ភរិយារបស់លោកបានទិញមានប្លង់រឹងត្រឹមត្រូវ មិនដូចការចោទប្រកាន់នោះទេ៕