នគរបាលស្រុកគាស់ក្រឡ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ វិធានការរបស់ក្រសួងសុខាភិបាល ស្តីពីការ ការពារ ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ នៅតាមសហគមន៍
ខេត្តបាត់ដំបង៖ដើម្បីរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ប៉ាង ហៀង ឣធិការនគរបាលស្រុកគាស់ក្រឡ បានចាត់តាំងកំលាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល ស្តីពីការការពារ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩នៅតាមសហគមន៍ ចែកជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាទីផ្សារប្រជុំជននានាអោយពួកគាត់បានយល់ដឹង និងចូលរួមទាំងអស់គ្នា។
លោកវរសេនីយ៍ឯក ប៉ាង ហៀង ឣធិការនគរបាលស្រុកគាស់ក្រឡបានអោយដឹងថា ក្នុងយុទ្ធនាការនេះដែរមានខ្លឹមសារអំពាវនាវទី/១- សូមអោយបងប្អូនប្រជាពលរដ្ឋដែលមកពីក្រៅប្រទេស ជាពិសេសមកពីប្រទេសថៃ ទោះធ្វើដំណើរតាមច្រករបៀងណាមួយក៏ដោយ ត្រូវតែអញ្ជឹងទៅធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក រយៈពេល១៤ថ្ងៃ កុំគេចវេសឬមកពួនសម្ងំនៅក្នុងលំនៅដ្ឋាន ដែលជាហេតុនាំអោយមានការឆ្លងដល់បងប្អូននិងសហគមន៍។
ទី /២- ត្រូវមានការសហការអោយបានល្អជាមួយអាជ្ញាធរក្នុងមូលដ្ឋាន នៅពេលដែលមានបងប្អូនលួចឆ្លងដែនដោយលួចលាក់តាមរយៈមេខ្យល់ ឬតាមសកម្មភាពផ្សេងៗដែលផ្ទុយពីការណែនាំរបស់រាជរដ្ឋាភិបាល ត្រូវរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរ ដើម្បីអោយសាមីខ្លួនទៅធ្វើការពិនិត្យសុខភាពរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក ដើម្បីបញ្ជៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងគ្រួសារនិងសហគមន៍របស់យើងទាំងអស់គ្នា។
ទី/៣- បងប្អូនដែលបានចេញចូលដោយលួចលាក់មិនត្រូវមានការភ័យខ្លាចនោះទេ បើទោះជាមានជំងឺកូវីដ-១៩ ឬគ្មានក៏ដោយត្រូវតែទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន ដើម្បីកុំអោយមានការឆ្លងរាលដាលនៅក្នុងសហគមន៍ និងប្រទេសជាតិរបស់យើង។
ទី/៤-សូមបងប្អូនត្រូវតែមានការប្រុងប្រយ័ត្ននិងការពារកុំអោយឆ្លងជំងឺកូវីដ-១៩ ដោយត្រូវធ្វើអនាម័យលាងដៃនិងសាប៊ូ ជែល ឬអាល់កុលជាប្រចាំនៅពេលដែលបងប្អូនធ្វើដំណើរចេញពីផ្ទះ ឬពាក់ម៉ាស់ការពារ ជាពិសេសត្រូវរក្សាគម្លាតយ៉ាងហោច ១ម៉ែត្រកន្លះពីគ្នា៕