លោក ហៀក ចាន់លាង អភិបាលរងខណ្ឌចំការមន ត្រូវបានប្រដើមប្តឹងរឿងផិត
ខេត្តសៀមរាប ៖ ដោយយោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាភរិយា (ប្រពន្ធដើម) កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កម្លាំងកងអាវុធហត្ថនៃខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនមន្ត្រីរាជការនៅភ្នំពេញម្នាក់ លើករណីអំពើផិត ខណ:កំពុងកើបកាយក្នុងខុនដូមួយកន្លែង ក្នុងក្រុងសៀមរាប យកមកសួរនាំ។ បើតាមរបាយការណ៍របស់អាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ដោយបានការអនុញ្ញាត ពីលោកឧត្តសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានចុះដល់បន្ទប់ខុនដូ មួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ខណ:នោះ កំលាំងជំនាញឃើញឈ្មោះ ហេង បូឡែន ភេទស្រីអាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឈ្មោះ ហៀក ចាន់លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាអភិបាលរងខណ្ឌចំការមន កំពុងតែនៅក្នុងបន្ទប់ជាមួយគ្នា ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរស-ស្ត្រី ទាំង២នាក់ មកការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងអំពើផិត។ ក្រោយពីការស្តាប់ចម្លើយ របស់អ្នកទាំង២នាក់ហើយ។ ការិយាល័យជំនាញ និងដោយមានបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំលាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះ ហៀក ចាន់លាង ភេទប្រុស កសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តសៀមរាប។ ចំណែកឈ្មោះ ហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំ (ស្រីស្នេហ៍) ត្រូវបានអនុញ្ញាត អោយត្រលប់ទៅលំនៅដ្ឋានវិញ។ សូមបញ្ជាក់ថាការឈានទៅដល់ការបង្រ្កាបនេះដោយសារតែមានពាក្យបណ្តឹងពីស្រ្តីជនរងគ្រោះឈ្មោះ ជ ករណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្រ្តីរាជការ ទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្រពន្ធស្របច្បាប់របស់ជនសង្ស័យ)។ ប្រភពបានឲ្យដឹងថា បុរសជាមន្ត្រីរាជការខាងលើ បានលែងលះជាមួយភរិយាដើម ដល់តុលាការរួចហើយ តែនៅសាលក្រមរបស់តុលាការមិនចេញមក បែជាមករួមរស់ជាមួយនារីម្នាក់ទៀត៕