អាជ្ញាធរខេត្តកណ្តាល បញ្ជូនបុគ្គលិកក្នុងហាងខារ៉ាអូខេ ឡូហ្សិក២ទៅធ្វើចត្តាឡីស័ក និងបញ្ជាឱ្យបិទហាងភ្លាមៗ បន្ទាប់ពីដឹងថា បុគ្គលិកម្នាក់ក្នុងហាងនេះ មានប្តីផ្ទុកជំងឺកូវីដ-១៩
ខេត្តកណ្តាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ចុះមកពិនិត្យ និងបិទហាងខារ៉ាអូខេ ឡូហ្ស៊ិក២ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានបញ្ជូនបុគ្គលិកបំរើការងារក្នុងហាងនេះចំនួនជាង៧០នាក់ ដើម្បីធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រែកតាពៅ ក្នុងក្រុងតាខ្មៅ។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការចុះមកពិនិត្យដល់ហាងនេះ គឺមិនមែនចាប់ដាក់ទោស ឬធ្វើបាបបងប្អូនទេ គឺមកដើម្បីជួយសង្គ្រោះសុខភាព និងអាយុជីវិតអ្នកទាំងអស់គ្នា និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៅអ្នកដទៃផ្សេងៗទៀតក្នុងសហគមន៍។
ឯកឧត្តមបានអំពាវនាវឱ្យអ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ទាំងអស់ ត្រូវចូលរួមសហការជាមួយនឹងអាជ្ញាធរ ដោយត្រូវផ្ដល់នូវព័ត៌មាននានាឱ្យបានច្បាស់លាស់ ដូចជាក្នុងអំឡុលពេលនេះ បានស្នាក់នៅ និងបានទៅកន្លែងណាខ្លះ បានប្រាស្រ័យទាក់ទងជាមួយអ្នកណា ដើម្បីឱ្យអាជ្ញាធរធ្វើការស្រាវជ្រាវ និងណែនាំអ្នកទាំងនោះឱ្យមកពិនិត្យសំណាក និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដោយមិនមានការគេចវេសដែលជាអំពើខុសច្បាប់ ពីព្រោះថ្មីៗនេះរដ្ឋាភិបាលបានចេញច្បាប់ថ្មីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ចំពោះការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនេះ សូមបងប្អូនទាំងអស់គ្នាកុំមានការព្រួយបារម្ភ ពីព្រោះអាជ្ញាធរ និងផ្ដល់ជាកន្លែងស្នាក់នៅ និងផ្ដល់ម្ហូបអាហារចំនួន ៣ពេល ហើយបន្ទាប់ពីការធ្វើចត្តាឡីស័ក ១៤ថ្ងៃនេះ បានបញ្ចប់ដោយត្រឹមត្រូវ នោះអាជ្ញាធរអានឹងអនុញ្ញាតឱ្យបងប្អូនទាំងអស់អាចចេញទៅប្រកបរបររកស៊ីជាធម្មតា។
សូមបញ្ជាក់ដែរថា ការចុះបិទទីតាំងហាងខារ៉ាអូខេឡូហ្ស៊ិក២នេះ គឺធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ៣៩ឆ្នាំ បម្រើការងារនៅក្នុងក្លឹបN8 មានផ្ទុកជម្ងឺកូវីដ១៩ ហើយបុរសរូបនេះមានប្រពន្ធ បម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេ យីហោឡូហ្ស៊ិក២ ទើបសមត្ថកិច្ច និងអាជ្ញាធរ សម្រេចចុះបិទទីតាំនេះ ជាបណ្តោះអាសន្ន ដោយរកអ្នកដែលពាក់ព័ន្ធយកពិនិត្យសំណាក និងនាំពួកគាត់យកទៅធ្វើចត្តាឡីស័ក ។
ចំពោះស្ត្រីខាងលើត្រូវបាននាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែ ដោយឡែកទីតាំងផ្ទះជួលប្តីប្រពន្ធខាងលើនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទីតាំងផ្ទះស្រុកកំណើតនៅស្រុកកៀនស្វាយ ក៏ត្រូវបានសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្នដែរ៕