ស្ត្រី១នាក់និងបុរស២នាក់ លួចដឹកពលករតាមរថយន្ត ទៅឲ្យមេខ្យល់ នៅច្រកបឹងត្រកួនត្រូវនគរបាលឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ:កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឃាត់ខ្លួន
ស្ត្រី១នាក់ និងបុរស២នាក់លួចដឹកពលករតាមរថយន្ត ទៅឲ្យមេខ្យល់ នៅច្រកបឹងត្រកួនកាលពីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារ ប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជន បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងបានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួមមាន:
១-ឈ្មោះ ឈឿត ឈៀត ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
២-ឈ្មោះ ប៉ុន សារឿត ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
៣-ឈ្មោះ អ៊ុន សំអាត ហៅយាយញី ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកស្រី ឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា ជនទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចច្រកបឹងត្រួន ជាប់ពាក់ព័ន្ធនិងករណីដឹកមនុស្សតាមរថយន្ត ទៅឲ្យមេខ្យល់នៅច្រកបឹងត្រគួនយកទៅធ្វើការ នៅប្រទេសថៃដោយមិនស្របច្បាប់។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ បានបញ្ជាក់បន្ថែមថា នៅចំពោះមុខសមត្ថកិច្ចជនទាំង៣នាក់បានសារភាពថា ពួកខ្លួនពិតជាបានដឹកជញ្ជូនពលករទាំង៣នាក់ ដោយខុសច្បាប់ទៅប្រគល់ឲ្យមេខ្សល់ ឈ្មោះយាយ ណយ ភេទស្រីអាយុ៤០ឆ្នាំ នៅចំណុចបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាព របស់ជនសង្ស័យទាំង៣នាក់កម្លាំងនគរបាលការិយាល័យបានបំពេញសំណុំរឿង បញ្ជូនទៅសលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕