បិទការប្រកួតកីឡាប្រណាំងទូកប្រពៃណី ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០
ខេត្តកណ្តាល៖នៅក្នុងពិធីបិទការប្រកួតកីឡាប្រណាំងទូកប្រពៃណី ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០ នៅវេទិកាប្រារព្ធពិធី សួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានថ្លែងនូវការកោតសរសើរចំពោះគណៈប្រតិភូដឹកនាំក្រុមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ តាមបណ្ដាខេត្តក្នុងភូមិភាគបឹងទន្លេសាប ដែលបានដឹកនាំកីឡាករ-កីឡាការិនី របស់ខ្លួនមកចូលរួមក្នុងការប្រកួតនេះដោយឈរលើស្មារតី មិត្តភាព សាមគ្គីភាព និងគោរពបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនៃការប្រកួត ដោយមិនគិតពីការយក ចាញ់ ឈ្នះ។
ឯកឧត្តមបានបន្តថា កីឡាគឺធ្វើឡើងដើម្បីសុខភាព សន្តិភាព មិត្តភាពសាមគ្គីភាព និងដើម្បីបង្កើតនូវ គុណផលបច្ចេកទេស តាមទិសស្លោក កីឡាកសាងមនុស្ស-មនុស្សកសាងជាតិ ដើម្បីភាពសុខដុមរមនានៅក្នុងសង្គម។
ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ននេះប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកាណូ និងទូករ៉ូអ៊ឹង នៅកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងគាំទ្របណ្ដាបណ្ដាលពីបាកចិត្តចាប់តាំងពីសហព័ន្ធបានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន ហើយសមត្ថភាពរបស់កីឡាករ-កីឡាការិនី ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ប៉ុន្តែយ៉ាងណាក៏ដោយក៏តម្រូវឲ្យគ្រប់សហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាពបន្ថែមទៀតទាំងបរិមាណ និងគុណភាព ដើម្បីអាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ (SEA GAME) ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ។
ក្នុងនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានបញ្ចាក់ថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ គឺធ្វើឡើងដើម្បីបំផុត និងលើកកម្ពស់ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ឲ្យមានសកម្មភាពនៅទូទាំងប្រទេស ជាពិសេសគឺយុវជនចូលរួមលេងកីឡា និងជៀសឆ្ងាយពីគ្រឿងញៀន ក៏ដូចជាការលើកកម្ពស់ សុខមាលភាព សមត្ថភាពកីឡាករ កីឡាការិនី សម្រាប់ចូលរួមការប្រកួតកីឡាទូកថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដើម្បីឆ្ពោះទៅកីឡាស៊ីហ្គេម (SEA GAME) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តមអភិបាលបានបញ្ជាក់បន្តថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្ដរជាតិ ជ្រើសរើសជើងឯកថ្នាក់ជាតិ ពាន់រង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០នាពេលនេះ មានសមាគម ប្រតិភូ គ្រូបង្វិក កីឡាករ កីឡាការី ចូលរួមចំនួន១៩ ក្រុម សរុបប្រតិភូ គ្រូបង្វិកកីឡាករ កីឡាការិនីទាំងអស់មានចំនួន៣០០រូប កីឡាការិនី៥៧រូប មាន៥វិញ្ញាសាប្រកួត៕