មេខ្យល់២នាក់ស្រី ប្រុស ជាបណ្តាញនាំមនុស្សទៅឲ្យមេខ្យល់ នៅប្រទេសថៃខុសច្បាប់ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រុមជំនាញបានចុះឃាត់ខ្លួនមេខ្យល់២នាក់ មានប្រុស និងស្រី ឈ្មោះ វឹង វាសនា ភេទប្រុស អាយុ៤៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហ៊ូន ពៅ ភេទស្រី អាយុ៤៣ឆ្នាំ អ្នកទាំង២នាក់នេះជាបណ្តាញមេខ្យល់ ឈ្មោះចែ ណយត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីអនុវតាមនិតិវិធី។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា បន្ទាប់ធ្វើការឃាត់ខ្លួនពលករខ្មែរចំនួន៥នាក់ មកពីភូមិប្រកនាគ ឃុំចើងដឹង ស្រុកបារាយការណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកថ្មពួក រួចមកកម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាជាបណ្តាញនាំមនុស្សឆ្លងដែនពីខ្មែរទៅថៃ ដែលមានមេខ្សល់ឈ្មោះ ចែ ណយ កំពុងនៅប្រទេសថៃ ឈ្មោះ វឹង វាសនារស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មុខរបរជាអ្នករត់តាក់ស៊ីស្វាយទៅបឹងត្រកួន និងឈ្មោះ ហ៊ូន ពៅ ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិកៀនកេះ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងរត់តាក់ស៊ី បាត់ដំបងមកស្វាយ ជនសង្ស័យទាំង២នាក់ ពាក់ព័ន្ធក្នុងការដឹកជញ្ជូនពលករយកទៅឲ្យឈ្មោះចែ ណយ ជាមេខ្សល់ នៅចំណុចបឹងត្រកួន ដើម្បីធ្វើដំណើរដោយខុសច្បាប់ទៅប្រទេសថៃ ។
នេះបើយោងតាមការបំភ្លឺរបស់ពលកររងគ្រោះទាំង៥នាក់ និងចម្លើសារភាពជនសង្ស័យទាំង២នាក់ ។លោកស្រី បានបញ្ជាក់ថា សមត្ថកិច្ចកំពុងតាមស្រាវជ្រាវ ដើម្បីវែករកមុខមេខ្សល់ និងបក្ខពួកបន្ថែមទៀត៕