ស្ពានដំរីផុង ដែលជាអំណោយរបស់សម្ដេចតេជោ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់
ខេត្តកកំពត៖ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត នៅរសៀលថ្ងៃថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានដំរីផុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
ពិធីក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកម្លាំង អភិបាលក្រុង ស្រុក អាជ្ញាធរមូលដ្ឋានភូមិឃុំ ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជា៥០០នាក់។
សូមបញ្ជាក់ដែរថា ស្ពានដំរីផុងមានប្រវែង៤១ម៉ែត្រ ទទឹង៣ម៉ែត្រ សាងសង់អំពីឈើ ប្រើប្រាស់ថវិកាចំនួន៦៥លានរៀល ស្ពាននេះជាហេដ្ឋារចនាសម្ព័ន្ធយ៉ាងសំខាន់តភ្ជាប់រវាងឃុំស្ទឹងកែវ ស្រុកទឹកឈូ ទៅកាន់ស្រុកឈូក បម្រើដល់បងប្អូនប្រជាពលរដ្ឋដឹកកសិផល និងការធ្វើដំណើរទៅកាន់សាលារៀន និងមន្ទីរពេទ្យរបស់សិស្ស និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់៕