ចាប់ឃាត់ខ្លួនយុវជនម្នាក់ បន្ទាប់ពីបង្កហឹង្សាទៅលើបងប្អូនស្រីបង្កើតពីនាក់ ដោយសារខឹងសុំស្នេហាតាមសម្រួលមិនបាន
ខេត្តរតនគិរី៖យុវជនម្នាក់បានចងចិត្តប្រតិព័ទ្ធលើយុវតីម្នាក់យ៉ាងខ្លាំង ហើយព្យាយាមតាមសុំស្នេហ៍ពីនាងម្នាក់ ប៉ុន្ដែត្រូវនាងបដិសេធ ទើបធ្វើឲ្យគេផ្ទុះនូវកំហឹងឡើង បង្កអំពើហិង្សាទៅលើក្មេងស្រីរងគ្រោះ២នាក់បងប្អូនបង្កើត ហើយត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ នៅក្នុងចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។
មន្រ្ដីនគរបាលស្រុកអូរជុំ បានឲ្យដឹងថា យុវជនបង្កមានឈ្មោះ ហេវ ត្រង់ត្រៀវ អាយុ២០ឆ្នាំ ជនជាតិគ្រឹង មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ រីឯជនរងគ្រោះទាំង២នាក់បងប្អូនស្រីនោះមានឈ្មោះ ក ជ អាយុ១៤ឆ្នាំ ជនជាតិគ្រឹង (រងរបួសក្បាល) មុខរបរជាសិស្ស និងឈ្មោះ ក ដ អាយុ១១ឆ្នាំ ជនជាតិគ្រឹង (រងរបួសក្បាល)មុខរបរជាសិស្ស ហើយពួកនាងទាំង២នាក់រស់នៅខេត្តរតនគិរី។
មន្រ្ដីនគរបាលដដែល បានរៀបរាប់តាមដំណើររឿងថា មុនពេលកើតមានអំពើហិង្សានោះ គឺកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ជនសង័្សយបានសុំស្នេហាពីជនរងគ្រោះ។ប៉ុន្តែពួកនាងមិនព្រមស្រលាញ់ ទើបធ្វើឲ្យជនបង្កខឹងសម្បាយ៉ាងខ្លាំង រហូតឈានដល់ការប្រើអំពើហិង្សាទៅលើជនរងគ្រោះទាំង២នាក់បងប្អូនបង្កើត។ក្រោយពេលកើតហេតុ អាណាព្យាបាលបានបញ្ជូនក្មេងស្រីទាំង២នាក់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីព្យាបាលរបួស។
ដោយឡែកសមត្ថកិច្ចវិញ ក្រោយពេលមានពាក្យបណ្ដឹងពីជនរងគ្រោះក៏បានចុះទៅស្រាវជ្រាវ និងឃាត់ខ្លួនជនបង្ក នាំមកកាន់អធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីចាត់ការតាមនីតិវិធី៕