ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃកម្រិតកែប្រែ របស់ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យពិសាខបូជា និងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ វាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យពិសាខបូជា និងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានពន្ធនាគារខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត សរុប១២រូប។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម ជាវ តាយ បានលើកឡើងថា ការប្រជុំពិនិត្យវាយតម្លៃការបន្ធូរបន្ថយ និងលើកលែងទោសនៅពេលនេះ គឺត្រូវអនុវត្តទៅតាមច្បាប់កំណត់ និងជាពិសេសត្រូវពិនិត្យមើលទៅលើបទល្មើសជាក់ស្តែង និងអត្តចរិករបស់ទណ្ឌិតដែលមានការកែប្រែចិត្តគំនិតពិតប្រាកដ ដែលសាកសម និងទទួលបានការលើកលែង និងបន្ធូរបន្ថយទោសនៅក្នុងឱកាសបុណ្យពិសាខបូជា និងចូលឆ្នាំនាពេលខាងមុខនេះ៕