អភិបាលខេត្តប៉ៃលិន នាំយកស្បៀងអាហារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្តល់ជូនដល់កងកម្លាំង ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩
ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ ត្រួតពិនិត្យ និងនាំយកស្បៀងអាហាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅឧបត្ថម្ភ ដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតាមគោលដៅនានា តាមបណ្តោយខ្សែរបន្ទាត់ ព្រំដែន រវាងខេត្តប៉ៃលិន និងខេត្តចាន់បុរី ប្រទេសថៃ ក្នុងបេសកម្មប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីក្រៅប្រទេស ជាពិសេសប្រទេសថៃ ដែលកំពុងផ្ទុះការចម្លងជម្ងឺកូវីដ-១៩ចូលក្នុងសហគមន៍។
ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្តប៉ៃលិន បាននាំបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំងទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងគិតគូរយកចិត្តទុកដាក់ចំពោះកងកម្លាំងទាំងអស់ ដែលនៅពេលនេះ សម្តេចបានស្នើអោយ កងកម្លាំងត្រូវរួមគ្នាបំពេញតួនាទី ភារកិច្ចឱ្យបានល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំដើម្បីរួមគ្នាទប់ស្កាត់កុំឱ្យវីរុសកូវីដ១៩ឆ្លងចូលក្នុងសហគមន៍បាន ហើយក្នុងពេលបំពេញភារកិច្ចត្រូវរក្សាអនាម័យ ពាក់ម៉ាស់ លាងដៃនឹងជែលឬអាកុលជាប្រចាំ ។
បន្ថែមពីលើនេះ ការពង្រឹងសមត្ថកិច្ចនិងរក្សាសន្តិសុខតាមព្រំដែន គឺជាការអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបណ្តាខេត្តដែលមានព្រំដែន ជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ នៅតាមព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក ជាពិសេសនាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។
ក្នុងនាមលោកជំទាវ ជាគណ:អភិបាលខេត្តនិងជាគណ:បញ្ជាការកងឯកភាពខេត្ត បានជំរុញដល់និងណែនាំដល់កម្លាំងទាំង៣ប្រភេទ ទាំងអស់ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំនិងច្រករបៀងនានា ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉/២៤ម៉ តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ព្រមទាំងពង្រឹងនិងទប់ស្កាត់ឱ្យបានតឹងរឹងចំពោះការលួចឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋដែលត្រលប់មកពីប្រទេសថៃហើយបើក្នុងករណីមានការសង្ស័យទៅលើរថយន្តដឹកទំនិញណាមួយ ដែលឆ្លងកាត់តាមច្រក ត្រូវតែត្រួតពិនិត្យនិងធ្វើការឆែកឆេរជាដាច់ខាត ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ដោយមិនបានធ្វើចត្តាឡីស័ក ពិសេសសូមពន្យល់ណែនាំ ដល់បងប្អូនពលករដែលឆ្លងមក អោយបានយល់ថា ការធ្វើចត្តាឡីស័ក មិនមែនជាការឃុំឃាំង បំបិទសិទ្ធសេរីភាពនោះទេ គឺជាការធ្វើតេស្តឬតាមដានសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ដើម្បីអោយប្រាកដថា វិជ្ជមានឬអវិជ្ជមាននៃវិរុសកូវីដ១៩ ដែលជាការទប់ស្កាត់កុំអោយឆ្លងចូលក្នុងសហគមន៍ ។
សូមបញ្ជាក់ថា៖ស្បៀងអាហារដែលកងកម្លាំងការពារទទួលបានក្នុងមួយគោលដៅរួមមាន៖អង្ករ,មី
,ត្រីខ,ទឹកសុទ្ធ ,ម៉ាស់,ជែលលាងដៃ,ត្រីងៀត,សាច់ក្រក,ផ្អក១,ទឹកស៊ីអ៊ីវ១យូរនិងថវិកាមួយចំនួនផងដែរ៕