ម្តាយស្រែកទង្ហូយំ ស្រណោះកូនប្រុសស្រីទាំង២នាក់បងប្អូន បន្ទាប់ពីចុះហែលទឹកលេង លង់ទឹកស្លាប់
រាជធានីភ្នំពេញ៖ពិតជាសង្វែកខ្លាំងណាស់ ពីនាក់បងប្អូនបង្កើតលង់ទឹកស្លាប់ បន្ទាប់ពីចុះហែលទឹកលេង នៅត្រង់ចំណុចរណ្ដៅដីបឹងទំពុន ស្ថិតនៅក្នុងភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។
ជនរងគ្រោះមានឈ្មោះ ឈៀន រ៉ូស្សា ភេទស្រី អាយុ១២ឆ្នាំ និងឈ្មោះឈៀន ដេវីត ភេទប្រុស អាយុ៨ឆ្នាំ អ្នកទាំង២នាក់ មានមុខរបរជាសិស្ស ស្នាក់នៅកន្លែងកើតហេតុ ស្រុកកំណើត នៅខេត្តកំពង់ធំ មានម្ដាយជាស្ត្រីមេម៉ាយ ប្រកបរបរដើររើសអេតចាយ ចិញ្ចឹមកូន៣នាក់ បានលែងលះប្ដីអស់រយ:ពេល៣ឆ្នាំមកហើយ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះហក់ចុះទឹកទាំងខ្លួនមិនចេះហែល ទើបបណ្តាលឲ្យលង់ស្លាប់តែម្តង។ក្រោយពីកើតហេតុសពជនរងគ្រោះទាំងពី ត្រូវបានតម្កល់ទុកនៅវត្តសន្សំកុសល ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕