ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋខ្មែរម្នាក់ លួចឆ្លងដែនចេញពីប្រទេសថៃ ចូលមកកម្ពុជាខុសច្បាប់តាមច្រករបៀងដើមកកោះ គេចវេសពីការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។
ពលករខ្មែរដែលលួចឆ្លងដែនចូលមកកម្ពុជាគេចវេសក្នុងការធ្វើចត្តាឡេស័ក តាមច្រករបៀងដើមកកោះជាន់មីនសល់ពីសម័យសង្គ្រាមផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់នោះមានឈ្មោះ យឿនរ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីកើតហេតុភ្លាម កម្លាំងការពារព្រំដែនគោក៩១១បានចូល
ទៅជួយសង្គ្រោះ ដើម្បីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យដីថ្មីក្រុងប៉ោយប៉ែត ដោយសារជនរងគ្រោះមានអាការៈធ្ងន់ធ្ងរក៏បញ្ជូនបន្តទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនស្រុកមង្គលបូរី។
ជំវិញបញ្ហាខាងលើនេះបើតាមលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ គឺបណ្តាលមកពីជនរងគ្រោះគេចវេសក្នុងការធ្វើចត្តាឡីស័ករយះ១៤ថ្ងៃ និងគេចពីកម្លាំងសមត្ថកិច្ចឈរជើងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ទើបបណ្តាលអោយរងគ្រោះដូច្នេះ។
ជាមួយគ្នានោះដែរលោកអភិបាលក្រុងអំពាវសុំឲ្យបងប្អូនប្រជាពលរដ្ឋ កុំបន្តគេចវេស ហើយចូលខ្លួនមកធ្វើចត្តាឡីស័កទាំងអស់គ្នា ដើម្បីប្រទេសជាតិ សហគមន៍ និងគ្រួសារយើងមិនមានការរីករាលដាលជម្ងឺកូវិដ១៩។
គួររម្លឹកដែរថា នៅតំបន់ដែលពលកររងគ្រោះដោយសារគ្រាប់ម៉ីនសល់ពីសង្គ្រាមខាងលើនោះមានច្រើនករណីមកហើយ ដោយសារតែពួកគាត់ដើរខុសគន្លងទើបចូលចំការម៉ីនបែបនេះ៕