សំណាងល្អមិនមានអ្នកគ្រោះថ្នាក់ ក្នុងហេតុការណ៍រថយន្តបែនដឹកដី បើកខ្វះការប្រុងប្រយ័ត្ន ទាក់ខ្សែភ្លើង បណ្តាលឲ្យបាក់ទ្រេតបង្គោលភ្លើង២ដើម ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ៖ដោយសារការបើកបររថយន្តបែនដឹកដី ខ្វះការប្រុងប្រយ័ត្ន ទាក់ខ្សែភ្លើង បណ្តាលឲ្យបាក់ទ្រេតបង្គោលភ្លើង២ដើម កាលពីវេលាម៉ោង៥ និង៤០នាទីទៀបភ្លឺថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយបេតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ សំណាងល្អមិនមានអ្នកគ្រោះថ្នាក់។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តប្រភេទដឹកដីមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3F 0551 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏បានទាក់ខ្សែភ្លើងជាប់ទៅនឹងរថយន្ត បណ្តាលឲ្យបាក់ទ្រេតបង្គោលភ្លើង២ដើមជិតដល់ដី សំណាងល្អដែលមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយពីកើតហេតុភ្លាមសមត្ថកិច្ចមូលដ្ឋាន បានមកដល់ហើយទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕