ឯកឧត្តម ម៉ែន វិបុល អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការអនុវត្តការងារនៅតាមទីតាំងចត្តាឡីស័កក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការអនុវត្តការងារនៅតាមទីតាំងចត្តាឡីស័ក ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកនាយកទីចាត់ការហិរញ្ជវត្ថុសាលាខេត្ត លោកអភិបាលក្រុង-ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធ ក្នុងកិច្ចប្រជុំនេះនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១- ត្រូវត្រួតពិនិត្យ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ចំពោះអ្នកដែលស្នាក់នៅតាមមណ្ឌលចត្តាឡីស័ករយះពេល១៤ថ្ងៃ ឱ្យស្របវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។
២- ត្រូវត្រៀមសម្ភាៈ ថវិកា ផ្គត់ផ្គង់ប្រចាំថ្ងៃ រួមទាំងអនាម័យនៅក្នុងការស្នាក់នៅហូបចុកឱ្យបានគ្រប់គ្រាន់ក្នុងកំឡុងពេលធ្វើចត្តឡីស័ក ក្នុងមណ្ឌលនីមួយៗ ។
៣- សមត្ថកិច្ចពាក់ព័ន្ធត្រូវសហការជាមួយមន្ត្រីសុខាភិបាល ក្នុងការពិនិត្យសុខភាព ការធ្វើសំណាក និងរឹតបន្តឹងការធ្វើចត្តាឡីស័កចំពោះពលករ ឲ្យបានម៉ឺងម៉ាត់ ចៀសវាងមានការលួចរត់ចេញពីមណ្ឌលជាដើម។
ជាងនេះទៅទៀតឯកឧត្តមអភិបាលខេត្តបានបញ្ចាក់បន្ថែមថា អភិបាលក្រុង ស្រុក ដែលមានព្រំប្រទល់ជាប់ នឹងប្រទេសវៀតណាម សម្រាប់ប្រជាពលរដ្ឋដែលឆ្លងដែនចូលមកខេត្តស្វាយរៀង ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ លើបញ្ហាពលរដ្ឋដែលលួចឆ្លងដែនដោយខុសច្បាប់ ធ្វើយ៉ាងណាត្រូវធ្វើការទប់ស្កាត់ឲ្យខានតែបាន ជាពិសេសត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕