ឆេះតូបរបស់អាជីវករខ្មែរ នៅផ្សាររោងក្លឿ ប្រទេសថៃ សំណាងល្អមានការជួយអន្តរាគមន៍ ទាន់ពេលវេលាពីអាជ្ញាធរថៃ
ខេត្តបន្ទាយមានជ័យ:តូបរបស់អាជីវករខ្មែរ នៅផ្សាររោងក្លឿ ប្រទេសថៃ មួយតូបត្រូវអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើល សំណាងល្អមិនបណ្ដាលឱ្យឆេះរាលដាលដល់តូបផ្សេងទៀត ដោយមានការជួយអន្តរាគមន៍ពន្លត់ទាន់ពេលពីសំណាក់អាជ្ញាធរនៃប្រទេសថៃ។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃសែនចូលឆ្នាំប្រពៃណីចិន វៀតណាម នៅចំណុចតូបលេខ V14 ផ្សារដំបូងខៀវ ផ្សាររោងក្លឿ ប្រទេសថៃ ជាប់នឹងព្រំដែនកម្ពុជា ថៃ ឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យរងការខូចខាតស្បែកជើងថ្មី ប្រមាណជិតពាក់កណ្ដាល។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីអគ្គីភ័យឆាប់ឆេះខាងលើនេះសង្ស័យមកពីទុស្សេខ្សែភ្លើង ដោយសារមុនពេលកើតហេតុ មានផ្សែងចេញហុយៗ ពីក្នុងតូបទើបបង្កការភ្ញាក់ផ្អើល។ភ្លាមនោះកម្លាំងសមត្ថកិច្ចរបស់ប្រទេសថៃ បាននាំយកនូវរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ បាញ់ពន្លត់ទាន់ពេលវេលាមិនបណ្ដាលឱ្យឆាប់ឆេះដល់តូបផ្សេងឡើយ។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចជំនាញរបស់ប្រទេសថៃ បានធ្វើកំណត់ហេតុ និងបិទគប់ភ្លើងក្នុងផ្សារទាំងអស់ ដើម្បីស្វែងរកនូវបញ្ហាដែលបណ្ដាលឱ្យមានអគ្គីភ័យនេះកើតឡើង៕