អាវុធហត្ថចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់ បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងបណ្ដាលឱ្យខូចខាតម៉ូតូចំនួន០៣គ្រឿង
ខេត្តបន្ទាយមានជ័យ៖លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ចាការមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ លើករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្សាររាត្រី ស្ថិតក្នុងភូមិ/សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាបានដែលបង្ករឡើងដោយក្មេងទំនើង១ក្រុមមានឈ្មោះ Hong kong TM មានគ្នាប្រហែល១៥នាក់ បានធ្វើសកម្មភាពយកពូថៅ ដុំអិដ្ឋ និងដងអំបោសវាយ និងកាប់ទៅលើក្រុមជនរងគ្រោះចំនួន៣នាក់ ដោយគ្មានមូលហេតុ ក្នុងខណៈពេលជនរងគ្រោះកំពុងហូបនំចំណីនៅចំណុចកើតហេតុខាងលើ។
លោកវរសេនីយ៍ត្រីមេបញ្ចាការ បន្តថា ជនរងគ្រោះទី១-ឈ្មោះ សី ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ។ទី២-ឈ្មោះ ឡុង ច័ន្ទចេស្ដា ភេទប្រុស អាយុ១៨ឆ្នាំ។
និងទី៣-ឈ្មោះ ហេង ចំណាន ភេទប្រុស អាយុ១៧ឆ្នាំ បណ្ដាលឱ្យខូចខាតម៉ូតូចំនួន០៣គ្រឿង និងរងរបួសបែកក្បាលខាងស្ដាំ០១នាក់ឈ្មោះ ហេង ចំណាន។
ចំណែកករណីខាងលើនេះកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០២នាក់ហើយ១/.ឈ្មោះ អាំង ពុយរាំង (បារាំង) ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង២/.ឈ្មោះ ហេង សៀងហៃ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួចបញ្ជូនមកការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្ត ចាត់ការបន្ត ចំណែកបក្សពួកនៅសេសសល់កម្លាំងកំពុងស្រាវជ្រាវចាប់ខ្លួនបន្ត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ពួកគេមានគ្នាចំនួន១២នាក់ ជិៈម៉ូតូចំនួន០៨គ្រឿងឆ្វែលផ្សាររាត្រី ហើយពេលឃើញក្រុមជនរងគ្រោះកំពុងអង្គុយហូបនំចំណី ពួកខ្លួនក៏បានយកពូថៅ ដុំអិដ្ឋ និងដងអំបោស វាយ គប់ និងកាប់ទៅលើម៉ូតូ និងក្រុមជនរងគ្រោះ បណ្ដាលឱ្យខូចខាត និងរងរបួសពិតប្រាកដមែន។ដោយបានផ្អែកលើចម្លើយសារភាព ខូចខាតម៉ូតូ និងមានស្នាមរបួសលើជនរងគ្រោះផងនោះ ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញប្រឆាំងបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ៕