លោកឧត្តមេនីយ៍ទោ ស្នងការខេត្តបាត់ដំបង អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ អង្គការប្រតិបត្តិការកុមារកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន៤៣៩គ្រួសារដែលរងគ្រោះដោយទឹកជំនន់នាពេលកន្លង នៅស្រុកមោងឫស្សី
ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋចំនួន៤៣៩គ្រួសារដែលរងគ្រោះដោយទឹកជំនន់នាពេលកន្លងទៅ នៅក្នុងភូមិអន្លង់ត្រាច ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ទទួលអំណោយពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឫស្សី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំរបស់មង្គល
នៅព្រឹកថ្ងៃទី១០ ខែ កុម្ភ: ឆ្នាំ២០២១។
នាឱកាសនោះលោកឧត្តមេនីយ៍ទោ សាត គឹមសាន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក សថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញដែលឯកឧត្តមធ្លាប់ទទួលភារកិច្ចជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាពេលកន្លងទៅ។
ជាមួយគ្នានេះលោកឧត្តមេនីយ៍ទោ ស្នងការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តនូវគោលនយោបាយស្តីពីភូមិ ឃុំមានសុវត្ថិភាពដែលក្នុងនោះផ្តោតសំខាន់បញ្ហាគ្រឿងញៀនដែលក្រុមគ្រួសារនីមួយៗត្រូវអប់រំណែនាំសមាជិកគ្រួសាររបស់ខ្លួនឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងសូមចូលរួមគោរពអនុវត្តឱ្យបាន ទាំងអស់គ្នានូវច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសបងប្អូនដែលប្រើប្រាស់ផ្លូវ។
ដោយឡែកបញ្ហាគ្រោះអគ្គិភ័យដោយសាររដូវនះជារដូវប្រាំងហួតហែង ដូច្នេះសូមមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យដែលអាចកើតឡើងតាមលំនៅដ្ឋានទាំងភ្លើងជើងក្រាន ភ្លើងទៀនធូប ចរន្តអគ្គិសនីឬភ្លើងព្រៃដែលអាចឆាបឆេះរាលដាលដល់លំនៅដ្ឋាន ហើយពិសេសជាងនេះអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមបង្ការទប់ស្កាត់និងការពារខ្លួនពីបញ្ហាជម្ងឺឆ្លងCOVID-19 សូមប្រជាពលរដ្ឋអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ការធ្វើអនាម័យជាប់ជាប្រចាំ។
អំណោយដែលត្រូវផ្តល់ជូននាពេលនេះមួយគ្រួសារៗទទួលបាន៖អង្ករចំនួន ២៥គីឡូក្រាម -មីចំនួន០១កេសតូច -ត្រីខកំប៉ុងចំនួន០១យួរ -ទឹកត្រីចំនួន០១យួរ -ទឹកសីអីវចំនួន០១យួរ -អំបិលអនាម័យចំនួន០១គីឡូក្រាម -ស្កសរចំនួន០១គីឡូក្រាម -ប្រេងឆាចំនួន០១ដបផងដែរ៕