ក្រុមប្រឹក្សាខេត្តរៀមរាប វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២០ ជាពិសេសការដោះស្រាយផលប៉ះពាល់ផ្លូវ៣៨ខ្សែ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
ខេត្តសៀមរាប៖កិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅបន្ទប់ប្រជុំធំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបស្តីទី និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ស្នងការ មេបញ្ជាការ និងរដ្ឋបាលក្រុង បានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈ នៃកិច្ចប្រជុំចំនួន០៦ដោយបានលើកឡើងនូវបញ្ហាមួយចំនួនពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា គំនូសផ្លូវដែលសាងសង់រួច ភ្លើងបំភ្លឺសាធារណៈ សំណង់ សណ្តាប់ធ្នាប់សាធារណៈ និងគម្រោងផ្សេងទៀតដែលបានសិក្សារួច។
បន្ទាប់ពីការលើកឡើងរបស់ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត និងមន្ទីរជំនាញបានធ្វើការឆ្លើយបំភ្លឺជូនអង្គប្រជុំផងដែរ។ជាមួយគ្នានេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើការថ្លែងអំណរគុណចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ជាពិសេសបងប្អូនមានលំនៅដ្ឋាននៅតាមដងមាត់ស្ទឹងសៀមរាប បានសហការ និងបានស្ម័ត្រចិត្តក្នុងការរុះរើលំនៅដ្ឋានរបស់ខ្លួនទៅកាន់ទីកន្លែងថ្មី និង បងប្អូនប្រជាពលរដ្ឋដែលបានធ្វើការរុះរើលំនៅដ្ឋាន និងរបងដែលបានប៉ះពាល់ ក្នុងការចូលរួមអភិវឌ្ឍន៍ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប។
ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា អាជ្ញាធរខេត្ត បានសម្របសម្រួល និងពន្យល់ឲ្យបងប្អូនដែលមានការប៉ះពាល់ផ្លូវទាំង៣៨ខ្សែក្នុងក្រុង សៀមរាបអនុវត្តទៅតាមជើងម៉ែត្រដែលបានកំណត់។
ក្នុងនោះឯកឧត្តមក៏បានដាក់នូវបញ្ជាមួយចំនួនដល់អាជ្ញាធរក្រុង ស្រុក ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅថ្ងៃខាងមុខនេះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នឹងមានការប្រែប្រួលអាកាសធាតុចុះត្រជាក់ខ្លាំង ស្របពេលដែលនៅប្រទេសជិតខាង ដែលកំពុងផ្ទុះនូវជម្ងឺកូវិដ១៩ អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ធ្វើការគ្រប់គ្រងឲ្យខាងតែបាន ចំពោះបងប្អូនពលករដែលវិលត្រឡប់មកពីក្រៅប្រទេស គឺត្រូវតែចូលទៅធ្វើចត្តាឡីស័ក មិនឲ្យថ្លោះធ្លោយឡើយ៕