ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖មន្ត្រីជំនាញគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ កាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅមុខភោជនីយដ្ឋានម្លប់ឬស្សី ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ថា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យ ក១០ នៃមន្ទីរប្រឆាំងគ្រឿងញៀន តាមប្រមាញ់មុខសញ្ញាពីក្រុងភ្នំពេញ មកដល់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ភ្លាមៗតែម្តង។
លោកបញ្ជាក់ថា ជនសង្ស័យទី១.ឈ្មោះ មាស ធីតា ភេទប្រុស រស់នៅចំណុចមុខភោជនីយដ្ឋានម្លប់ឬស្សី ផ្លូវជាតិលេខ៥ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតថ្នាំញៀនអ៊ិចស្រ្តាស៊ីចំនួន៤៨គ្រាប់ សារធាតុញៀនប្រភេទកេតាមីន ចំនួន១៥កញ្ចប់ និងទី២.ឈ្មោះ ស្រេង ឡុងហេង ភេទប្រុស ដែលជាមេក្លោង រស់នៅបន្ទប់លេខ E៤៣ ជាន់ទី៤ ផ្លូវបេតុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។វត្ថុតាងដកហូតមាន ថ្នាំគ្រាប់ប្រភេទអ៊ិចស្រ្តាស៊ីពណ៌ត្រួយចេកចំនួន២៣កញ្ចប់, ថ្នាំគ្រាប់ប្រភេទអ៊ិចស្រ្តាស៊ីពណ៌ផ្កាឈូកចំនួន៤កញ្ចប់ ថ្នាំគ្រាប់ប្រភេទអ៊ិចស្រ្តាស៊ីពណ៌លឿងស្រាលចំនួន៥កញ្ចប់ ម្សៅក្រាមសថ្លាចំនួន ១ថង់ ថ្នាំគ្រាប់ហ្វាយៗមួយបន្ទះចំនួន១០គ្រាប់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ កេតាមីនទឹកចំនួន ១៥០ដប និងសម្ភារសម្រាប់សម្ងួតថ្នាំញៀនមួយកំផ្លេ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញប្រគល់ជូនកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី៕