ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយសម្ភារៈឧបករណ៍ស្វ័យប្រវត្តិវាស់កំដៅ និងបាញ់ទឹកអាកុល ពីក្រុមហ៊ុន(Prudential) សម្រាប់បង្ការទប់ស្កាត់ជំងឺកូវីដ១៩
ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ទទួលអំណោយសម្ភារៈឧបករណ៍សម្រាប់វាស់កំដៅ និងបាញ់ទឹកអាកុលស្វ័យប្រវត្តិ ចំនួន៩៩គ្រឿង ពីក្រុមហ៊ុន (Prudential)ព្រូដិនសល (ខេមបូឌា ) ឡាយហ៍ អឹសូរិនស៍ស ម្រាប់បម្រើឱ្យគោលដៅសកម្មភាព និងរួមចំណែកក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។
ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយអភិបាលខេត្ត បានលើកបញ្ជាក់ថា ក្រោយពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ នៅក្នុងទូទាំងពិភពលោកក៏ដូចជា នៅក្នុងកម្ពុជាយើងនាឆ្នាំ២០២០ កន្លងទៅនេះ។ រដ្ឋបាលខេត្តកំពតតែងមានសប្បុរសជនជាច្រើនបាននាំនូវ អំណោយសប្បុរសធម៌ ប្រកបដោយទឹកចិត្តសទ្ធា ជ្រះថ្លា រួមមាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នឹងព្រះសង្ឃ ពិសេសបណ្ដាក្រុមហ៊ុននានា តែងតែបាននាំមកនូវ សម្ភារៈ ថវិកា ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដូចជារដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីត១៩ជាបន្តបន្ទាប់ដែលខេត្តកំពត។
ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ទុកអំណោយ សម្ភារៈឧបករណ៍ទាំងអស់ខាងលើនេះពិតជាមានសារៈសំខាន់ ពិសេស តាមរយៈអំណោយសម្ភារៈឧបករណ៍ ដែលមានលក្ខណៈស្វ័យប្រវត្តិទំនើបនេះ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា សម្ភារៈទាំងនេះនឹងប្រគល់ជូន ដល់មន្ទីរអប់រំយុវជននិងកីឡាខេត្ត សម្រាប់ បែងចែកបន្តដល់សាលាបឋមសិក្សា តាមបណ្ដាក្រុង ស្រុកទាំង៨ ដែលមានចំនួន៩៩ សាលា ក្នុងគោលដៅ រួមចំណែកបង្ការទប់ស្កាត់ជំងឺកូវីដ១៩៕