ឯកឧត្តម អភិបាលខេត្តកំពង់ចាម ដឹកនាំប្រជុំពិភាក្សា លើគម្រោងរៀបចំ កែលម្អរសួនកុមារ និងកន្លែងកំសាន្ត ក្រុងកំពង់ចាម
ខេត្តកំពង់ចាម៖ដើម្បីលើកម្ពស់សោភណ្ឌភាពក្រុង និងរៀបចំទីតាំង សម្រាប់ការកំសាន្ត របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ចាម ដើម្បីធានាបានផាសុភាព សោភណ្ឌភាព និងសុវត្ថិភាព ឱ្យសាកសមនឹងជ័យលាភីរំដួល៣ទង របស់ក្រុងកំពង់ចាមផងនោះនារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំពិភាក្សាលើគម្រោងរៀបចំកែលម្អរសួនកុមារ និងកន្លែងកំសាន្ត ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
កិច្ចប្រជុំនេះមានការអញ្ចើញចូលរួម ពីលោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកប្រធានមន្ទីរ អង្គភាព ក្នុងខេត្ត និងអាជ្ញាធរក្រុង ព្រមទាំង មន្ត្រីជំនាញពាក់ព័ន្ធ និងម្ចាស់គម្រោងអភិវឌ្ឍន៍ ផងដែរ។
ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ដោយសារមើលឃើញ អំពីសក្តានុពលរបស់ទីតាំងខាងលើរដ្ឋបាល ខេត្តកំពង់ចាម បានស្វែងរកដៃគូ សម្រាប់ការអភិវឌ្ឍសួននេះ ឱ្យមានសោភណ្ឌភាព ជាទីកន្លែងកំសាន្ត សម្រាប់ប្រជាពលរដ្ឋទូទៅ។
គួសបញ្ជាក់ថា គម្រោងកែលំអរសួនកុមារ និងកន្លែងកំសាន្ត ក្រុងកំពង់ចាម គឺបានអនុញ្ញាតឲ្យម្ចាស់គម្រោងទទួលបានសិទ្ធិ ពីរដ្ឋបាលខេត្ត និងរៀបចំធ្វើការអភិវឌ្ឍ លើទីតាំងនេះ ដោយក្នុងនោះមាន ៖
-គម្រោងអភិវឌ្ឍ និងរៀបចំសួនច្បារ ក្នុងបរិវេណសួនកុមារ
-សាងសង់របងដែកព័ទ្ធជុំវិញ
-សាងសង់ខ្លោងទ្វារ ច្រកចេញចូលចំនួន ២កន្លែង
-រៀបចំដាំផ្កាលម្អព័ទ្ធជុំវិញ ខាងក្នុងរបងដែក
-សាងសង់អគារ សម្រាប់ការផ្លាស់ប្តូរសម្លៀកបំពាក់
-សាងសង់អាគារអាហារដ្ឋាន និងមីនីម៉ាត
-រៀបចំក្រាលការ៉ូឡា ឬការ៉ូជុំវិញបរិវេណទីតាំងកំសាន្ត
-សាងសង់បង្គន់អនាម័យស្តង់ដារ
-រៀបចំប្រព័ន្ធលូ ក្នុងបរិវេណសួនកំសាន្ត
-រៀបចំប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី និងភ្លើងបំភ្លឺ នៅពេលយប់
ដោយឡែក បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើគម្រោងប្លង់ និងខ្លឹមសារ នៃកិច្ចសន្យា ឯកឧត្តម អភិបាលខេត្ត បានណែនាំម្ចាស់គម្រោង ធ្វើការកែសម្រួលទៅតាមការចូលរួមមតិយោបល់ ពីសំណាក់មន្ទីរ ជំនាញ និងអាជ្ញាធរ៕